
កុមារកំព្រាក្នុងមណ្ឌលមែកឈើ ទទួលបានគ្រឿងឧបភោគបរិភោគពីសាលារៀន អន្តរទ្វីប អាមេរិកាំង

លោក សែម សំអាន ប្រធានគ្រប់គ្រងកម្មវិធីនៃមូលនិធិ ម៉េងលី ជេ. គួច បានឱ្យដឹងថា សម្ភារដែលសាលារៀន អន្តរទ្វីប អាមេរិកាំង សហការជាមួយមូលនិធិម៉េងលី ជេ. គួច យកទៅកាន់មណ្ឌលកុមារកំព្រា មែកឈើ រួមមានគ្រឿងឧបភោគបរិភោគ គ្រាប់ពូជបន្លែ កាតាបសិស្ស ផ្ទាំងសូឡា ម៉ាស៊ីនចម្រោះទឹកស្អាត សម្ភារសិក្សា សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន គិតជាទឹកប្រាក់សរុប ៥៥,២៨៧,៥០០រៀល ដែលជំនួយឧបត្ថម្ភទាំងនេះកើតចេញពីសិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំង៦សាខា និងមានចំនួនដ៏ច្រើនលើសការរំពឹងទុក។
ប្រធានគ្រប់គ្រងកម្មវិធីនៃមូលនិធិ ម៉េងលី ជេ. គួច លោក សែម សំអាន បាននិយាយថា៖ «អំណោយដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺជាការចូលរួមសុទ្ធសាធរបស់សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំង៦សាខារួមជាមួយនឹងអ្នកអាណាព្យាបាលសិស្សដែលមានទឹកចិត្តសប្បុរសធម៌ ចែករំលែកធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមចែកអំណោយជាមួយក្រុមការងារមូលនិធិ ម៉េងលី ជេ. គួច ខណៈអំណោយទាំងអស់នេះមានចំនួនច្រើនសន្ធឹកសន្ធាប់ និងច្រើនលើសពីអ្វីដែលបានធ្វើកន្លងមក។»
លោក សែម សំអាន ប្រធានគ្រប់គ្រងកម្មវិធីនៃមូលនិធិ ម៉េងលី ជេ. គួច
លោក បញ្ជាក់យ៉ាងដូច្នេះ៖ «បុព្វហេតុដ៏ធំរបស់យើង គឺដើម្បីបានជួយសេចក្តីត្រូវការរបស់ក្មេងៗដែលកំពុងតែរស់នៅទីនេះ ដែលភាគច្រើនជាក្មេងកំព្រា ហើយមានសេចក្តីខ្វះខាតច្រើននៅទីនេះ ចឹងយើងបំពេញនូវតម្រូវការទៅលើគ្រឿងឧបភោគបរិភោគដើម្បីឱ្យពួកគាត់បានទទួលទាន បានហូបចុកគ្រប់គ្រាន់ក្នុងរយៈពេលណាមួយដែលយើងបានផ្តល់ធនធាននៅថ្ងៃនេះ ហើយយើងផ្តល់នូវសម្ភារដែលពួកគាត់ខ្វះខាត ជាពិសេសសម្ភារសិក្សា សម្ភារប្រើប្រាស់ប្រចាំថ្ងៃដូចជាសម្លៀកបំពាក់ស្បែកជើង កង់ សម្ភារផ្សេងៗទៀតដែលពួកគាត់ត្រូវការ។ ម្យ៉ាងវិញទៀតគោលបំណងដែលធ្វើនៅថ្ងៃនេះ គឺផ្តល់នូវក្តីស្រឡាញ់ដល់ពួកគាត់ ផ្តល់នូវការយកចិត្តទុកដាក់ ការអាណិតអាសូរ ដែលយើងតែងតែធ្វើជារឿយៗមក អ៊ឹចឹង គឺយើងផ្តល់ឱ្យពួកគាត់មានការយកចិត្តទុកដាក់ពីយើង ដោយសារតែយើងបានពាំនាំយកនូវគ្រឿងអាហារហូបចុកមានសម្លការី មាននំប៉័ង មាននំបញ្ចុករួមជាមួយទឹកដោះគោ នំចំណីផ្សេងៗសម្រាប់គាត់ យើងហូបជុំគ្នាជាមួយគាត់ បង្កើនភាពស្និទ្ធស្នាល និងបង្កើតនូវអានុស្សាវរីយជាមួយនឹងពួកគាត់ផងដែរ។»
ប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង លោកស្រី រស់ យ៉ាណា បានលើកឡើងថា៖ សកម្មភាពទាំងនេះ គឺពិតជាមានអត្ថន័យ និងមានសារៈសំខាន់បំផុតសម្រាប់សិស្សានុសិស្សដែលមានឱកាសបានចូលរួមជាមួយនឹងសង្គម ហើយសាលារៀនរបស់លោកស្រី មិនដែលមើលរំលងការចែករំលែកក្តីស្រឡាញ់មួយនេះឡើយ។ ទន្ទឹមនឹងនេះ លោកស្រី ក៏បានសម្តែងអារម្មណ៍រំភើប និងក្តុកក្តួលក្រោយឃើញវត្តមានកុមារកំព្រាទាំងនោះ។
លោកស្រី រស់ យ៉ាណា ប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង
ប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង លោកស្រី រស់ យ៉ាណា បានលើកឡើងថា៖ «សម្រាប់ឱកាសនេះមិនមែនជាលើកទីមួយសម្រាប់គណៈគ្រប់គ្រង ក៏ដូចជាលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សម្រាប់ពួកយើងតែងតែចូលរួមគ្រប់សកម្មភាពសង្គម មិនថាទៅមណ្ឌលកំព្រាកុមារ មិនថាទៅសាលារៀន មិនថាទៅសហគមន៍ ឬក៏ចូលរួមទៅលើការថែរក្សាបរិស្ថានផ្សេងៗទេ នៅក្នុងនាមជាគណៈគ្រប់គ្រងរបស់សាលារៀន ហើយក៏មានការជំរុញ ការផ្តួចផ្តើម បំផុសបំផុលលើចលនាទាំងអស់នេះពីគណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ក្រោមគំនិតដ៏ឈ្លាសវៃរបស់អ្នកឧកញ៉ា គួច ម៉េងលី ទៅលើការចូលរួមជាមួយនឹងសង្គម ហើយថ្ងៃនេះដែរសាលារៀន របស់យើងក៏បានសហការជាមួយនឹងមូលនិធិ ម៉េងលី ជេ. គួច ក្នុងការរៀបចំកម្មវិធីនេះ ហើយជាទូទៅរៀងរាល់ឆ្នាំ អាចថាមួយឆ្នាំលើសពី៣-៤ដងទៅទៀតសម្រាប់កម្មវិធីរបស់ពួកយើង គ្រប់សកម្មភាព គ្រប់កិច្ចការនៅក្នុងសង្គមគឺយើងតែងតែចូលរួមចែករំលែកក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ជាមួយគាត់»។
លោក ផន ផល្លា ប្រធានមណ្ឌលកុមារកំព្រា មែកឈើ សម្តែងអារម្មណ៍ផ្ទាល់ខ្លួនទាំងទឹកមុខរីករាយយ៉ាងដូច្នេះ៖ «នេះជាក្តីរីករាយបំផុតក្នុងនាមខ្ញុំជាប្រធាន ក៏ដូចជាឪពុករបស់កូនៗនៅក្នុងមណ្ឌលកុមារកំព្រានេះ បើនិយាយពីទឹកចិត្តយើងរីករាយណាស់ ដោយសារតែទំហំនៃការជួយគាំទ្រនៅថ្ងៃនេះ គិតថាវាជាធនធានមួយដែលយើងអាចទ្រទ្រង់ទៅនឹងចំណាយចំណូលក៏ដូចជាការផ្គត់ផ្គង់ទៅលើម្ហូបអាហារទៅលើកូនៗរបស់យើង ដូច្នេះវាជាទឹកចិត្តរីករាយសម្រាប់ខ្ញុំជាអ្នកដឹកនាំនៅទីនេះផ្ទាល់។»
លោក ផន ផល្លា ប្រធានមណ្ឌលកុមារកំព្រា មែកឈើ ឡើងថ្លែងចំណាប់អារម្មណ៍
បើតាមលោក ផន ផល្លា មណ្ឌលមែកឈើ គឺជាកន្លែងសង្រ្គោះក្មេងកំព្រា ក្មេងអនាថា ក្មេងពិការ ក្មេងត្រូវបានគេរំលោភបំពាន ព្រមទាំងក្មេងរងគ្រោះផ្សេងៗទៀត ដើម្បីផ្តល់នូវទីកន្លែងសុវត្ថិភាព ការថែទាំ ទំនុកបម្រុងម្ហូបអាហារ ព្រមទាំងបញ្ជូនឱ្យទៅសិក្សា។
សូមជម្រាបជូនថា ទស្សនវិស័យរបស់មូលនិធិ ម៉េងលី ជេ.គួច គឺចង់ឃើញប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងត្រូវបានគេរើសអើង ទទួលបាននូវភាពស្មើគ្នាចំពោះសេវាអប់រំ សុខភាព ស្បៀងអាហារ និងតម្រូវការចាំបាច់ជាមូលដ្ឋាននានា ដើម្បីឱ្យពួកគេរស់នៅក្នុងភាពល្អប្រសើរ និងមានភាពថ្លៃថ្នូរជា មនុស្សជាតិ នៅក្នុងរាជរដ្ឋាភិបាលកម្ពុជា៕

Aii រកឃើញម្ចាស់ជ័យលាភីប្រកួតបញ្ចេញសំឡេងភាសាអង់គ្លេសពានរង្វាន់ ម៉េងលី ជេ. គួច លើកទី៩ ចំនួន៦ រូប
មជ្ឈមណ្ឌលភាសា អេ អាយ អាយ ដឹកនាំសិស្សទៅទស្សនកិច្ចសិក្សា សង្កេតពីមជ្ឈដ្ឋានខាងក្រៅ
ទីបំផុត មជ្ឈមណ្ឌលភាសា អេ អាយ អាយ រកឃើញម្ចាស់ជ័យលាភី ការប្រកួតល្បឿនសរសេរពាក្យម៉េងលី ជេ.គួច លើកទី ៤ហើយ
