ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការអគារសិក្សា មជ្ឈមណ្ឌល Aii និងសាលារៀន AIS សាខាតាកែវ

លោក រឿង សុភាព អនុប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង ទទួលបន្ទុកកិច្ចការប្រតិបត្តិការ មានប្រសាសន៍ឱ្យដឹងថា ការដាក់សម្ពោធជាផ្លូវការនេះធ្វើឡើងបន្ទាប់ពីមាតាបិតានិងអាណាព្យាបាលសិស្សមានការសំណូមពរឱ្យបើកសាខាសាលា Aii & AIS នៅលើទឹកដីខេត្តតាកែវនេះ។ មិនតែប៉ុណ្ណោះ ក៏មានការគាំទ្រយ៉ាងពេញទំហឹងពីអាជ្ញាធរដែនដី ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា ផងដែរ។
អនុប្រធានសាលារៀន AIS រូបនេះ សង្ឃឹមយ៉ាងមុតមាំថា ក្រោយពេលបើកដំណើរការសាលា Aii & AIS សាខាតាកែវនេះ សិស្សានុសិស្សដែលបានចូលសិក្សានៅទីនេះ នឹងទទួលបាននូវការអប់រំមួយដែលមានគុណភាពល្អបំផុត។ ជាពិសេស ពួកគេនឹងទទួលបានអារម្មណ៍ស្រស់ស្រាយនិងកក់ក្ដៅ ដ្បិតបរិស្ថានសាលាល្អ បន្ទប់សិក្សាមានសោភណភាពនិងផាសុកភាព បំពាក់ដោយបរិក្ខារសិក្សានិងបច្ចេកវិទ្យាទំនើបបំផុត គ្រូបង្រៀនប្រកបដោយវិជ្ជាជីវៈខ្ពស់ ដែលធ្វើឱ្យសិស្សានុសិស្សទទួលបាននូវចំណេះដឹងពិតប្រាកដ មានវិន័យ សីលធម៌ និងក្លាយជាពលរដ្ឋល្អនៅពេលអនាគត។
គួរជម្រាបជូនថា បច្ចុប្បន្ននេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង មាន១៥សាខា ក្នុងនោះ១២សាខាស្ថិតលើទឹកដីរាជធានីភ្នំពេញ ២សាខាទៀតស្ថិតលើទឹកដីខេត្តសៀមរាប ខណៈ១សាខាទៀតគឺស្ថិតនៅលើទឹកដីខេត្តតាកែវ។ បន្ទាប់ពីសម្ពោធដាក់ឱ្យដំណើរការសាខាខេត្តតាកែវនេះហើយ គណៈគ្រប់គ្រងសាលា Aii & AIS គ្រោងបន្តបើកដំណើរការសាខាថ្មីជាច្រើនទៀត ដូចជាសាខាសែនសុខ បាត់ដំបង់ កំពង់ចាម ច្បារអំពៅ ចំការដូង និងសាខាព្រះសីហនុ ជាដើម៕