ករណីអ្នកផ្ទុកកូវីដ-១៩ នៅកម្ពុជាបានកើនដល់ ៣ ០២៨ នាក់ បន្ទាប់ពីក្រសួងសុខាភិបាលប្រកាសពីការរកឃើញអ្នកឆ្លងថ្មី១១៣នាក់បន្ថែមទៀត នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។
តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីទាំង១១៣នាក់នេះ គឺសុទ្ធសឹងមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់។ ការរកឃើញអ្នកឆ្លងថ្មីទាំងនេះភាគច្រើននៅរាជធានីភ្នំពេញ ដោយរកឃើញនៅភ្នំពេញ១០៣នាក់ ព្រះសីហនុ៣នាក់ កណ្ដាល៣នាក់ ស្វាយរៀង៣នាក់ និងនៅកំពត១នាក់។
ជាមួយនឹងគ្នានេះ ក្រសួងក៏បានប្រកាសពីអ្នកជាសះស្បើយថ្មី៩០នាក់បន្ថែមផងដែរ ដែលធ្វើឱ្យអ្នកជាសរុបកើនដល់ ១ ៩១៤ នាក់ រីឯអ្នកកំពុងសម្រាកព្យាបាលមានចំនួន ១ ០៨៥ នាក់ ខណៈមុននេះមានអ្នកស្លាប់ចំនួន២ នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩កើនឡើងដល់២៤នាក់។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលដដែល៕