រោងចក្រកាត់ដេរ ឌីន ហាន នៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពិតជាមានកម្មករកាត់ដេរប្រមាណ៥០នាក់បានឆ្លងកូវីដ-១៩មែន។ នេះបើតាមសារជាសំឡេងរបស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញប្រកាសនៅថ្ងៃទី៧ ខែមេសាយប់មិញ ដោយលោកបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចនិងក្រុមគ្រូពេទ្យបានចុះយកសំណាកកម្មករផ្សេងទៀតទាំងយប់នៅក្នុងរោងចក្រផ្ទាល់តែម្តង។ អាជ្ញាធរបានប្រាប់ថា ក្នុងរោងចក្រកាត់ដេរ ឌីន ហាន មានកម្មករចំនួន ២ ៥៦២ នាក់។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានអំពាវនាវដល់កម្មករកាត់ដេរនៅរោងចក្រនេះទៅធ្វើតេស្តរកមេរោគកូវីដ-១៩ទាំងអស់គ្នា។
នៅថ្ងៃទី៧ ខែមេសា សាលារាជធានីភ្នំពេញបានប្រកាសពីអត្តសញ្ញាណកម្មករកាត់ដេរនៅរោងចក្រ ឌីន ហាន ចំនួន១៣នាក់ ដែលរកឃើញឆ្លងកូវីដ-១៩ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ សរុបនៅភ្នំពេញចំនួន៧៨នាក់៕