តាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី២៥កុម្ភៈ បានស្នើដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ ប្រធានអង្គការ និងសមាគមអ្នកសារព័ត៌មានទាំងអស់ សហការក្នុងការរៀបចំសិក្ខាសាលា និងបើកវគ្គបណ្តុះបណ្តាលជំនាញសារព័ត៌មានផ្សេងៗ ដើម្បីបង្កើនប្រសិទ្ធភាព ជាពិសេសក្រុមយុវជនដែលស្រឡាញ់ខាងវិស័យមួយនេះ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ការស្នើនេះ ធ្វើឡើងដើម្បីអប់រំ បណ្តុះបណ្ដាល និងអភិវឌ្ឍធនធានមនុស្សលើវិស័យសារព័ត៌មានឱ្យចំគោលដៅ មានគុណភាព និងមានការទទួលខុសខ្ពស់ ដោយបំពេញការងារជាអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ ព្រមទាំងលើកស្ទួយសិទ្ធិ សេរីភាពសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីរបបសារព័ត៌មាន។
ចំពោះការបើកវគ្គបណ្ដុះបណ្ដាលនេះម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ និងអង្គការ សមាគម មានបំណងបើកវគ្គលើវិស័យសារព័ត៌មានក្រៅពីអង្គភាពរបស់ខ្លូន ត្រូវជូនដំណឹងជាមុនមកក្រសួងព័ត៌មាន ដើម្បីមានកិច្ចសហការជាមួយក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធធ្វើការអប់រំ។