លោក Nguyen Thanh Long រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម បានឱ្យដឹងថា ជនជាតិជប៉ុនម្នាក់ ដែលស្លាប់ក្នុងសណ្ឋាគារមួយនៅទីក្រុងហាណូយ កាលពីពាក់កណ្តាលខែកុម្ភៈ គឺពិតជាឆ្លងវីរុសកូរ៉ូណាបំប្លែងខ្លួនថ្មីមែន បន្ទាប់ពីលទ្ធផលតេស្តហ្សែន បានបង្ហាញថា វីរុសបំប្លែងខ្លួនថ្មីនេះត្រូវបានគេហៅថា 20C ដែលជាទម្រង់នៃវីរុសដែលកំពុងសាយភាយនៅក្នុងប្រទេសកូរ៉េខាងត្បូង ស្រីលង្កា ឥណ្ឌា និងតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Tuoi Tre កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ។
ប្រភពខាងលើ ឱ្យដឹងថា វាជាលើកទីមួយហើយ ដែលមេរោគនេះត្រូវបានគេរកឃើញនៅក្នុងប្រទេសវៀតណាម ហើយវាគឺជាវីរុសបំប្លែងខ្លួនទី៥ ដែលត្រូវបានរកឃើញនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ វីរុស៤ប្រភេទផ្សេងទៀតមានដូចជា B.1.1.7 មកពីចក្រភពអង់គ្លេស, B.1.351 ត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង, A.23.1 ដែលលេចចេញជាលើកដំបូងនៅក្នុងប្រទេសរ្វ៉ាន់ដាកាលពីខែតុលាឆ្នាំ២០២០ និង D614G ដែលក្រុមអ្នកវិទ្យាសាស្រ្តហៅថា (G)។
ជាមួយនឹងការរកឃើញវីរុសបំប្លែងខ្លួនកាន់តែច្រើនបែបនេះ លោករដ្ឋមន្រ្តី Nguyen Thanh Long បានព្រមានថា «ភ្នាក់ងារបង្កជំងឺអាចនៅតែមាននៅក្នុងសហគមន៍ ដូច្នេះវាជាការចាំបាច់ដើម្បីបង្កើនការប្រុងប្រយ័ត្នសម្រាប់ការការពារជំងឺរាតត្បាត»៕