អ្នកជំងឺឈ្មោះ គិន កុលាប ភេទស្រី អាយុ៣៦ឆ្នាំ រកឃើញវិជ្ជមានថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។ ស្ត្រីម្នាក់នេះ កាលពីថ្ងៃទី១៩ បានទៅញ៉ាំបាយជាមួយមិត្តភក្តិធ្វើការនៅក្លិប N8 ហើយនៅថ្ងៃទី២០ មានអាការៈស្ងួតក និងគ្រុនក្ដៅ។ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ស្ត្រីដដែលនេះ បានកំដរម្ដាយបង្កើតឈឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយបានជូនម្ដាយទៅផ្ទះនៅភូមិជំនិត ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ព្រមទាំងទទួលទានអាហារជុំគ្នាជាមួយនឹងអ្នកជិតខាងផង។
នេះបើតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្រង់សេចក្តីរាយការណ៍របស់មន្ទីរព័ត៌មាន ខេត្តព្រៃវែង មកបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។
បើតាមសេចក្ដីរាយការណ៍ដដែល បានបញ្ជាក់ថា អ្នកជំងឺឈ្មោះ គិន កុលាប មានអាសយដ្ឋានរស់នៅផ្ទះលេខ១១៣២ ភូមិឃ្លាំងសាំង សង្កាត់-ខណ្ឌ ឫស្សីកែវ ក្រោយឃ្លាំងសាំងសូគីម៉ិច ជិតសកលវិទ្យាល័យការពារជាតិ ដែលមានសមាជិកគ្រួសារប្រហែល៨នាក់ និងមានប្តីអ្នករត់កង់បី ឈ្មោះ ស៊ី ថាត់ អាយុ៣៨ឆ្នាំ។ ចំណែកកូនទី១ អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៨ សាលា ABI បឹងសាឡាង។ កូនទី២ អាយុ១១ឆ្នាំ រៀនថ្នាក់ទី៦ សាលាបឹងឈូក១។
ទោះយ៉ាងណា បច្ចុប្បន្ននេះ អ្នកពាក់ព័ទ្ធត្រូវអាជ្ញាធរស្រុកពារាំង ការិយាល័យសុខាភិបាលស្រុក និងខេត្តស្រាវជ្រាវយកមកធ្វើចត្តាឡីស័កនៅខេត្តព្រៃវែង៕