លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាល ខេត្តបាត់ដំបង បានឱ្យដឹងថា មន្ទីរសុខាភិបាលនឹងអនុវត្តកម្មវិធី ចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់ចិនលើកទី១ ដល់មន្ត្រីនគរបាលជាតិក្នុងខេត្តបាត់ដំបង មន្ត្រីរាជការសុខាភិបាលទូទាំងខេត្ត និងនិស្សិតសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបង ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខ ។
លោកបញ្ជាក់ថា វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់ចិនដែលត្រៀមចាក់នៅខេត្តបាត់ដំបងលើកទី១ មានចំនួន ៩ ៦០០ ម្ជុលឬដូស ដែលកម្មវិធីចាក់វ៉ាក់សាំងនឹងចាប់ផ្តើមនៅម៉ោង ៨:០០ ព្រឹកដល់១២:០០ថ្ងៃត្រង់ និងរសៀលពីម៉ោង១៤:០០ដល់១៧:០០ល្ងាច។
មន្ទីរសុខាភិបាលបន្តថា ការចាក់វ៉ាក់សាំងលើកទី១ ដល់មន្រ្តីនគរបាល មន្រ្តីនិងនិស្សិតសុខាភិបាល ខេត្តបាត់ដំបងនេះធ្វើនៅ៦ទីតាំង ក្នុងនោះមាននៅមន្ទីរពេទ្យខេត្តបាត់ដំបង មន្ទីរពេទ្យបង្អែកមោងឬស្សី មន្ទីរពេទ្យបង្អែកសំពៅលូន មន្ទីរពេទ្យបង្អែកថ្មគោល មន្ទីរពេទ្យបង្អែកបវេល និងមន្ទីរពេទ្យ បង្អែកឯកភ្នំ។
សូមជម្រាបជូនថា ចាប់ពីថ្ងៃទី១០ ដល់ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ អ្នកទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មានចំនួនសរុប ៤៤ ៥០៥ នាក់ហើយ។ នៅក្នុងនោះខាងក្រសួងសុខាភិបាល មានចំនួន ៧ ៧៧០ នាក់ និងខាងក្រសួងការពារជាតិ មានចំនួន ៣៦ ៧៣៥ នាក់។ នេះបើតាមរបាយការណ៍ ដែលបានផ្សព្វផ្សាយដោយក្រសួងការពារជាតិ និងអ្នកនាំពាក្យក្រសួងសុខាភិបាល។
រដ្ឋាភិបាលចិនបានប្រកាសផ្តល់ជំនួយវ៉ាក់សាំង១លានដូស ដល់ប្រជាពលរដ្ឋកម្ពុជា។ នៅថ្ងៃទី៧ ខែកុម្ភៈ ចិនបានដឹកជញ្ជូនវ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូស តាមយន្តហោះពិសេស មកប្រគល់រាជរដ្ឋាភិបាលកម្ពុជា។ វ៉ាក់សាំងនោះ បានបែងចែកជាពីរ គឺ៣០ម៉ឺនដូស សម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូស សម្រាប់ក្រសួងការពារជាតិ។
ក្រសួងសុខាភិបាលនិងក្រសួងការពារជាតិបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដល់ក្រុមគោលដៅជួរមុខ ជាឥស្សរជនក្នុងជួររាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ ប៉ូលិស ទាហាន ក្រុមគ្រូពេទ្យ រួមទាំងអ្នកកាសែត និងមន្ត្រីរាជការតាមបណ្តាខេត្តជាដើម ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈមក។
តាមការកត់សម្គាល់នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដល់ថ្ងៃចាក់វ៉ាក់សាំងលើកទី២ មានន័យថា ម្នាក់ត្រូវចាក់២ដូស។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសថា អ្នកចាក់លើកទី១ ចាក់នៅកន្លែងណាត្រូវទៅចាក់លើកទី២ នៅកន្លែងដដែល តែកុំឱ្យហួសពី១៤ ទៅ២៨ថ្ងៃ រាប់ពីថ្ងៃចាក់លើកទី១៕