ការឆ្លុះទងសួតមានសារៈសំខាន់និងបង្កភាពងាយស្រួលដល់គ្រូពេទ្យក្នុងការកំណត់រោគវិនិច្ឆ័យរបស់អ្នកជំងឺឱ្យកាន់តែច្បាស់ និងព្យាបាលអ្នកជំងឺប្រកបដោយគុណភាព និងប្រសិទ្ធភាព។
យោងតាមអត្ថបទមួយ ដែលចេញផ្សាយដោយមន្ទីរទេព្យកាល់ម៉ែត នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រជាពលរដ្ឋគួរទៅឆ្លុះទងសួត ប្រសិនបើមានអាការៈ ដូចជាក្អករ៉ាំរ៉ៃ ក្អកឈាម ស្ទះស្លេស រលាកសួត ដុំសាច់ក្នុងសួត និងជំងឺសួតផ្សេងៗដែលពុំដឹងមូលហេតុ។
ក្នុងអត្ថបទបន្តថា ការឆ្លុះទងសួតមានអត្ថប្រយោជន៍ងាយស្រួលក្នុងការកំណត់រោគវិនិច្ឆ័យ តាមរយៈការបូមស្លេសយកទៅវិភាគ លាងសម្អាតផ្លូវដង្ហើម ដើម្បីប្រើថ្នាំឃាត់ឈាមក្នុងករណីក្អកឈាម ច្រឹបសាច់ទងសួត ឬដុំសាច់សួតដើម្បីវិភាគរោគ។ តាមការអនុវត្ត អ្នកជំងឺត្រូវតមអាហារយ៉ាងតិច៤ម៉ោង មុនពេលឆ្លុះទងសួត បាញ់ថ្នាំស្ពឹក ដើម្បីកុំឱ្យអ្នកជំងឺមានអារម្មណ៍ពិបាកឆ្លុះ អាចឆ្លុះដោយប្រើថ្នាំស្ពឹក ឬសន្តំដោយប្រើរយៈពេលឆ្លុះចន្លោះពី៣ ទៅ១០នាទី ក្រោយពីឆ្លុះរួចអ្នកជំងឺត្រូវតមអាហាររយៈពេល២ម៉ោង។
«បើលោកអ្នកមានអាការៈដូចបានរៀបរាប់ខាងលើ គួរអញ្ជើញទៅជួបពិគ្រោះជំងឺជាមួយគ្រូពេទ្យឯកទេសជំនាញៗ ដើម្បីព្យាបាលបានទាន់ពេលវេលា និងមានប្រសិទ្ធភាព»។ នេះបើតាមការបញ្ជាក់ដោយមន្ទីរពេទ្យដដែល៕