លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានច្រានចោលទាំងស្រុងចំពោះ ការផ្សព្វផ្សាយមួយចំនួនដែលថា មានការសូកប៉ាន់រហូត ១ ៥០០០ ដុល្លារ ក្នុងម្នាក់ៗ ដើម្បីចូលក្របខណ្ឌពេទ្យ នៅខេត្តបន្ទាយមានជ័យ។
លោកស្រី បានចាត់ទុកថា នេះជាការចុះផ្សាយបែបចោទប្រកាន់មានចរិតញុះញង់ដោយគ្មានការភាពច្បាស់លាស់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ទាំងយប់ទាំងថ្ងៃគ្មានបានសម្រាក។
«ក្រសួងសុំបញ្ជាក់ថា ការជ្រើសរើសចូលក្របខណ្ឌនេះ មន្ទីរសុខាភិបាលខេត្ត មិនមានសិទ្ធិក្នុងការសម្រេចនោះឡើយ គឺគ្រាន់តែអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលតែប៉ុណ្ណោះ ក្នុងការរៀបចំសំណើទៅក្រសួងដោយផ្អែកលើគោលការណ៍ណែនាំ។ ប្រសិនបើមានហេតុការណ៍កើតមានឡើង តាមការចោទប្រកាន់បែបនេះ ក្រសួងសុខាភិបាល ស្នើសុំឱ្យអ្នកដែលបានលើកពីករណីសូកប៉ាន់នៅខេត្តនេះ បង្ហាញភ័ស្តុតាងច្បាស់លាស់ ដើម្បីក្រសួងចាត់ការតាមនិតិវិធី ហើយទាំងអ្នកសូក និងអ្នកស៊ីសំណូកនឹងទទួលទោសដូចគ្នា»។
ក្រសួងសុខាភិបាល តាមរយៈលោកស្រី ឱ វណ្ណឌីន បានស្នើឱ្យសារព័ត៌មានទាំងអស់ ដែលបានចុះផ្សាយដំណឹងខាងលើនេះកែតម្រូវឡើងវិញជាចាំបាច់៕