ចាប់ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០០៥ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំនេះ ជាថ្ងៃខួបគម្រប់១៦ឆ្នាំរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ ដំណើរការអស់រយៈពេល១៦ឆ្នាំ គ្រឹះស្ថានសិក្សាអប់រំឯកជនមួយនេះ ទទួលបានការគាំទ្រយ៉ាងធំធេងពីសំណាក់មហាជនទូទៅ និងមានប្រជាប្រិយភាពបំផុតនៅកម្ពុជា។
ក្នុងឱកាសនេះ លោកស្រី រស់ យ៉ាណា ប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានសម្តែងនូវសេចក្តីរីករាយយ៉ាងក្រៃលែងចំពោះក្រុមហ៊ុន ម៉េងលីជេ. គួច អេឌ្យូខេសិន (MJQE) និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ដែលក្នុងរយៈពេល១៦ឆ្នាំកន្លងទៅនេះបានសម្រេចនូវការអភិវឌ្ឍដ៏ធំធេង មានកេរិ៍្តឈ្មោះល្បីល្បាញទទួលបានការគាំទ្រ និងទំនុកចិត្តយ៉ាងខ្លាំងពីសំណាក់មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស និងមហាជនអំពើគុណភាពអប់រំ វិន័យ និងសេវាកម្ម។
លោកស្រី រស់ យ៉ាណា មានប្រសាសន៍ថា «ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមជូនពរដល់ក្រុមហ៊ុន និងមជ្ឈមណ្ឌលភាសាបន្តនូវជោគជ័យដ៏ត្រចះត្រចង់ ក្នុងការផ្តល់នូវសេវាអប់រំ ព្រមទាំងបន្តទទួលបាននូវការគាំទ្រកាន់តែច្រើនឡើងជាមួយភាពរីកចម្រើនជោគជ័យថ្មីៗបន្ថែមទៀត និងសូមជូនពរដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្សទាំងអស់ទទួលបាននូវជោគជ័យក្នុងការបំពេញកិច្ចការងារ និងការសិក្សា សូមជួបតែសេចក្តីសុខ សិរីមង្គល និងរុងរឿងជានិរន្តរ៍»។
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី កន្លងទៅ ធ្លាប់បញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិនរបស់ខ្លូនជាក្រុមហ៊ុនមួយផ្ដោតសំខាន់ទៅលើវិនិយោគទៅលើវិស័យអប់រំនៅកម្ពុជា ដែលមានមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ព្រមទាំងមានបុត្រសម្ពន្ធផ្សេងៗជាច្រើនទៀត ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៥ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព ប្រសិទ្ធភាព និងសក្ដានុពលសម្រាប់អភិវឌ្ឍប្រទេសជាតិ។
គួរជម្រាបជូនថា មិនខុសពីសព្វមួយដង ក្នុងឱកាសខួបគម្រប់១៦ឆ្នាំនេះ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ទទួលបានការផ្ញើសារជូនពរ ក្នុងន័យអបអរសាទរដល់ភាពជោគជ័យរបស់លោក ពីបណ្តាក្រុមហ៊ុនធំៗ និងម្ចាស់អាជីវកម្មផ្សេងៗ មកពីគ្រប់ទិសទីក្នុងព្រះរាជាណាចក្រកម្ពុជា៕