អត្ថបទ៖ វឿន ពិសី
ជាទូទៅក្រពេញប្រូស្តាត ជាក្រពេញមួយដែលមានតែលើសរីរាង្គមនុស្សប្រុស។ វាមានរាងដូចផ្លែកៅឡាក់ មានទំហំប្រមាណជា៣សង់ទីម៉ែត និងទម្ងន់ធម្មតាពី១៥ទៅ២៥ក្រាម ចំពោះមនុស្សប្រុសពេញវ័យ ហើយវាស្ថិតនៅខាងក្រោមប្លោកនោម និងជុំវិញផ្លូវបំពង់នោមខាងក្រៅរបស់បុរស។
តាមអត្ថបទមួយដែលចេញផ្សាយដោយ មន្ទីរពេទ្យកាល់ម៉ែត កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ជំងឺក្រពេញប្រូស្តាតរីកធំ ភាគច្រើនកើតឡើងចាប់ពីអាយុ៥០ឆ្នាំឡើងទៅ។ តាមការសិក្សានៅប្រទេសអឺរ៉ុបបានណែនាំមនុស្សប្រុសដែលមានអាយុចាប់ពី៥០ឆ្នាំទៅ ត្រូវពិនិត្យឈាម និងជួបគ្រូពេទ្យជំនាញផ្នែកតម្រងនោម និងក្រពេញប្រូស្តាត ដើម្បីពិគ្រោះនិងវិភាគរោគវិនិច្ឆ័យ ថាមានជំងឺក្រពេញប្រូស្តាតរីកធំឬទេ។
ប្រភពដដែលបានបញ្ជាក់ថា មូលហេតុដែលបង្កឱ្យកើតមានជំងឺនេះ គឺដោយសារភាពមិនស្មើគ្នារវាងអរម៉ូន Androgéne និង Oestrogéne នៅក្នុងក្រពេញប្រូស្តាត។ ជំងឺនេះមានរោគសញ្ញា២ក្រុមធំ ទីមួយស្ទះនោមតក់ៗ នោមដាច់ៗ ឬពិបាកនោមពេលប្រឹងនោមដំបូង និងកម្លាំងទឹកនោមចេញខ្សោយ (ទឹកនោមធ្លាក់ជិតជើង)។ ទីពីរមានរោគសញ្ញារំខានដូចជាមានទឹកនោមហៀចេញសើមៗរហូត និងនោមញឹកទាំងពេលថ្ងៃ និងពេលយប់(រំខានដល់ដំណេក)។
ប្រភពបន្តថា ការពិនិត្យរោគវិនិច្ឆ័យបានដោយសារការស្ទាបពោះ រកការឈឺចាប់ពីការស្ទះទឹកនោមក្នុងប្លោកនោមឬការពិនិត្យក្រពេញប្រូស្តាតដោយការលូកបាតស្ទាបទំហំនិងការវាយតម្លៃសភាពរបស់ក្រពេញ ធម្មតាឬធំខុសពីធម្មតា (Toucher Rectale) និងការឆ្លុះអេកូពោះដើម្បីវាស់ទំហំប្រូស្តាត និងរកផលវិបាករបស់ជំងឺ (Echographie) ពិនិត្យឈាមមើល PSA (Prostate-Specific Antigen) ដើម្បីជម្រុះចោលពីមហារីកក្រពេញប្រូស្តាត។
តាមការសិក្សាដដែល បានលើកឡើងថា ជំងឺនេះមានផលវិបាក ដូចជានោមឈាម នោមលែងចេញ ខ្សោយតម្រងនោម រលាកផ្លូវបង្ហូរនោម និងក្រពេញប្រូស្តាត។ យ៉ាងណាជំងឺនេះអាចព្យាបាលបានដោយការប្រើថ្នាំនិងព្យាបាលដោយការកោសក្រពេញប្រូស្ដាតដោយម៉ាស៊ីនអង់ស្កុប។
កំណត់ចំណាំ៖ ប្រជាពលរដ្ឋជាបុរស ដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ គួរទៅពិគ្រោះជាមួយពេទ្យជំនាញ ដើម្បីពិគ្រោះ ស្វែងរក និងវិភាគរោគវិនិច្ឆ័យជំងឺនេះ ហើយព្យាបាលទាន់ពេលវេលានិងមានប្រសិទ្ធភាព ចៀសវាងបង្កឱ្យគ្រោះថ្នាក់ដល់អាយុជីវិត៕