សៀវភៅ «កម្រងកំណាព្យពីដួងចិត្ត» ដែលនិយាយពីទស្សនៈសង្គម គ្រួសារ ការរៀន អាជីវកម្មផ្ទាល់របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ខាងមុខ នៅហាងលក់សៀវភៅម៉ូនូមែនប៊ុក វេលាម៉ោង៩ព្រឹក។
កម្រងកំណាព្យពីដួងចិត្ត ជាវណ្ណកម្មទី៨របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលបានបោះពុម្ពផ្សាយ ហើយសៀវភៅទី៨ ដែលគ្រោងនឹងសម្ពោធជាផ្លូវការខាងមុន មានកម្រាស់៣៦៥ទំព័រ បានបោះពុម្ពផ្សាយសម្រាប់ចែកជូននិងដាក់លក់នៅលើទីផ្សារជាសាធារណៈ។
បើតាមព័ត៌មានពីក្រុមការងាររបស់ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ថវិកាទាំងអស់ដែលបានពីការលក់សៀវភៅនេះនឹងបង្វិលចូលទៅមូលនិធិម៉េងលី ជេ. គួច ដែលធ្វើការលើការងារសប្បុរធម៌ ដូចជាការចែកអាហារ សង់សាលារៀន ធ្វើផ្លូវ សង់ស្ពាន ចែកសៀវភៅ និងចែកកង់ដល់សិស្សតូចៗជាដើម។
ប្រភពដដែលបន្តថា សៀវភៅ «កម្រងកំណាព្យពីដួងចិត្ដ» និយាយពីគំនិតយល់ឃើញ មតិយោបល់ចំពោះសីលធម៌ បទពិសោធ និងការតស៊ូដើម្បីភាពជោគជ័យក្នុងជីវិតដែលលោកបានឆ្លងកាត់កន្លងមក។ ជាងនេះទៅទៀត វណ្ណកម្មថ្មីនេះនឹងចែករំលែកបន្ថែមនូវទស្សនៈទាក់ទងនឹងការកសាងសុភមង្គល ការអប់រំ ការជំរុញលើកទឹកចិត្ត ភាពជាអ្នកដឹកនាំ មាគ៌ាបុគ្គលជោគជ័យ និងគតិអាជីវកម្ម តាមរយៈភាសាកាព្យ។
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជឿជាក់ថា សៀវភៅនេះនឹងធ្វើឱ្យ អ្នកអានអាចឈ្វេងយល់បន្តនូវគន្លឹះសាមញ្ញៗ គ្រាន់ជាជំនួយដល់កិច្ចបង្កើនសមត្ថភាពដល់ការគិតពិចារណា មានភាពអំណត់អត់ធន់ តស៊ូក្នុងដំណើរជីវិត និងជំរុញលើកទឹកចិត្តខ្លួនឯងជានិច្ច។ តាមរយៈស្នាដៃនេះ ក៏អាចជួយឱ្យអ្នកអានបានឈ្វេងយល់បន្ថែមទៀតពីទម្រង់សិល្បៈតែងកំណាព្យខ្មែរ ដែលជាកេរដំណែលដ៏ផូរផង់មួយ មានអាយុកាលរាប់សតវត្សរ៍៕