លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច កំពុងបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយវគ្គទី២ជាច្រើនបន្ថែមទៀត ដើម្បីចែកជូនដល់បុគ្គលិកជាង ១ ៤០០នាក់ ដែលកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ឱ្យទទួលបានការបង្ការគ្រប់ៗគ្នា។
តាមសេចក្ដីជូនដំណឹងរបស់មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច បានប្រកាសឱ្យបុគ្គលិកដែលកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ទៅទទួលយកការចាក់ថ្នាំបង្ការជំងឺគ្រុនផ្តាសាយដោយឥតគិតថ្លៃ។
វេជ្ជបណ្ឌិត និន សុខរង្សី នាយកវេជ្ជសាស្ត្រនៃមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ.គួច លើកឡើងថា ស្របពេលដែលមនុស្សនៅទូទាំងពិភពលោកកំពុងខ្លាចរអាលជំងឺកូវីដ-១៩ ចំណែកជំងឺគ្រុនផ្តាសាយធំ ក៏ជាជំងឺនិភ័យខ្ពស់ចំពោះកូនក្មេងអាយុក្រោម៥ឆ្នាំ ជាពិសេសទារកអាយុ៦ខែ។ ជំងឺនេះអាចមានហានិភ័យខ្ពស់ចំពោះមនុស្សចាស់អាយុ៦៥ឆ្នាំ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយផងដែរ។ ជាពិសេសអ្នកដែលកើតជំងឺ HIV ជំងឺហឺត ជំងឺថ្លើម ជំងឺទឹកនោមផ្អែម មនុស្សធាត់ហួសកម្រិត គឺ៤០ភាគរយមានហានិភ័យខ្ពស់បំផុត។
លោកវេជ្ជបណ្ឌិត បន្តថា ជំងឺគ្រុនផ្តាសាយធំនេះចាប់ផ្តើមពីស្រាលទៅធ្ងន់ វាគ្មានថ្នាំសម្លាប់មេរោគ ឬព្យាបាលឱ្យបានជាសះស្បើយភ្លាមៗនោះទេ ដូច្នេះនៅប្រទេសដែលមានអកាសធាតុត្រជាក់ គឺគេជ្រើសរើសការចាក់ថ្នាំវ៉ាក់សាំងបង្ការ ដែលមានប្រសិទ្ធភាពអាចជួយបង្ការគ្រោះថ្នាក់ដល់អាយុជីវិតបាន និងតម្រូវឱ្យចាក់ជារៀងរាល់ឆ្នាំ។
ទោះយ៉ាងណា លោកវេជ្ជបណ្ឌិត និន សុខរង្សី មានប្រសាសន៍ថា «លោកអ្នកដែលមិនអនុញ្ញាតចាក់វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយ គឺអ្នកដែលប្រតិកម្មជាមួយស៊ុត ឬធ្លាប់ប្រតិកម្មកាលពីចាក់វ៉ាក់សាំងលើកមុន និងមានជំងឺគ្រុនក្តៅជាដើម។»
ជុំវិញការចាក់វ៉ាក់សាំងផ្ដាសាយនេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉ងលី កន្លងមកតែងតែយកចិត្តទុកដាក់ចំពោះសុខភាពបុគ្គលិករបស់ខ្លួន ខណៈលោកតែងផ្តល់នូវវ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយដល់បុគ្គលិកដោយឥតគិតថ្លៃជារៀងរាល់ឆ្នាំ។ ទាក់ទិននឹងការចាក់វ៉ាក់សាំងបង្ការគ្រុនផ្តាសាយ លោកវេជ្ជបណ្ឌិត គួច ម៉េងលី ធ្លាប់ពន្យល់ថា អាការៈជំងឺគ្រុនផ្ដាសាយមានពីរប្រភេទ គឺផ្តាសាយធម្មតា (Cold) និងផ្ដាសាយធំ (Flu)។ ផ្ដាសាយធម្មតា មានរោគសញ្ញាដូចជា កណ្ដាស់ ហៀរសម្បោរ តែអត់ក្ដៅខ្លួន អត់ឈឺក្បាល អត់ឈឺប្រាណ ដែលវាអាចបណ្ដាលមកពីអាឡាក់ហ្ស៊ីដោយធូលីដី ឬលម្អងផ្កា។ រីឯផ្ដាសាយធំ តែងមានអាការៈដូចជា ក្ដៅខ្លួន រងាស្រៀវស្រាញ ឈឺក្បាល អស់កម្លាំង ក្អកមានស្លេស្ម៍ ឈឺបំពង់ក ជាដើម។
ក្រៅពីការចាក់វ៉ាក់សាំងបង្ការ វេជ្ជបណ្ឌិតជំនាញ បានណែនាំឱ្យទទួលទានទឹកឱ្យបាន១លីត្រកន្លះទៅ២លីត្រក្នុងមួយថ្ងៃ ព្រោះទឹកមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ជំងឺផ្សេងៗ។ ជាងនេះទៅទៀត គឺទទួលទានអាហារឱ្យបានទៀងទាត់ គេងឱ្យបានស្កប់ស្កល់ និងញ៉ាំផ្លែឈើ ឬទឹកផ្លែឈើស្រស់ៗ។ ផ្លែឈើដែលមានប្រយោជន៍ចំពោះសុខភាពខ្លាំងមានដូចជា ចេក ស្រកានាគ ស្ពឺ ក្រូច ក្រូចថ្លុង អំពិលទុំ គីវី ប៉ោម ជាពិសេសគឺទឹកដូង។ ម្យ៉ាងត្រូវយកទឹកក្ដៅឧណ្ហៗលាយជាមួយអំបិលប្រៃឡែមៗមកខ្ពុរមាត់និងបំពង់កឱ្យបាន៤ទៅ៥ដងក្នុងមួយថ្ងៃ ដើម្បីលាងមេរោគក្នុងបំពង់កចេញ។
កាលពីពេលថ្មីៗកន្លងទៅ ក្រសួងសុខាភិបាល បានអំពាវនាវពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះសុខភាពនារដូវរងា។ ជាពិសេស ប្រយ័ត្នចំពោះជំងឺដង្កាត់ ដែលអាចកើតមានជាយថាហេតុបណ្តាលមកពីអាកាសធាតុចុះត្រជាក់នេះ។
ក្រសួងសុខាភិបាល បញ្ជាក់ថា ជំងឺតាមរដូវកាលដែលជួបប្រទះញឹកញាប់ ក្នុងកំលុងពេលអាកាសធាតុចុះត្រជាក់ នៅចន្លោះពីខែធ្នូដល់ខែមករា ភាគច្រើនជាជំងឺផ្លូវដង្ហើមដែលមិនត្រូវនឹងអាកាសធាតុត្រជាក់ ឬជាប្រភេទអាល់លែកហ្ស៊ី និងជំងឺផ្លូវដង្ហើមបណ្តាលមពីវីរុស និងមេរោគស្ត្រិបតូកូក ដែលបង្កឱ្យមានរោគសញ្ញា មានគ្រុនផ្តាសាយ ហៀរសំបោរ រលាកបំពង់ក ក្អក និង រលាកក្រពះពោះវៀនដោយពពួកវីរុសជាដើម៕