បន្ទាប់ពីទឹកជំនន់ហក់ឡើងខ្ពស់ ខណៈប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តមួយចំនួនជួបវិបត្តិសេដ្ឋកិច្ច និងរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរនោះ លោកឧកញ៉ាចិត្តធម៌ គួច ម៉េងលី និងលោកជំទាវបានចូលរួមបរិច្ចាគថវិកា ១០០លានរៀល ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង១០០លានរៀល ទៀតជូនដល់ក្រុមការងារមូលនិធិម៉េងលី ជេ. គួច សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់។
ចំពោះការចំណាយថវិកា២០០លានរៀល ស្មើនឹង៥ម៉ឺនដុល្លារ សម្រាប់ជួយជនរងគ្រោះដោយសារទឹកជំនន់លើកនេះ មិនមែនជាលើកទី១ទេ ដែលលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចុះជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយសារទឹកជំនន់នៅតាមបណ្ដាខេត្តមួយចំនួន។
បើតាមក្រុមការងាររបស់លោកឧកញ៉ាចិត្តធម៌ គួច ម៉េងលី បានអះអាងថា លោកឧកញ៉ាចិត្តធម៌ គួច ម៉េងលី តែងតែឧបត្ថម្ភនូវថវិកា អង្ករ មី ត្រីខ សម្លៀកបំពាក់ គ្រឿងឧបភោគ ព្រមទាំងពេទ្យជំនាញៗ ដើម្បីព្យាបាលបឋមដល់ប្រជាពលរដ្ឋផងដែរ ដើម្បីសម្រាលជីវភាពដល់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តដែលទឹកជន់លិចខ្លាំង។ ក្រុមការងារដដែលបញ្ជាក់បន្ថែមថា កន្លងមកលោកឧកញ៉ា បានចុះទៅជួយបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់នៅតាមបណ្ដាខេត្តក្រុងជាច្រើនរួមមាន ខេត្តកំពង់ឆ្នាំង បាត់ដំបង ពោធិ៍សាត់ ព្រៃវែង បន្ទាយមានជ័យ សៀមរាប កណ្ដាល កំពង់ស្ពឺ តាកែវ កំពត កំពង់ចាម ក្រចេះ និងបណ្ដាខេត្តមួយចំនួនទៀត។
សូមជម្រាបថា ក្រៅពីការចូលរួមបរិច្ចាគថវិកាចំនួន២០០លានរៀល ស្មើនឹង៥ម៉ឺនដុល្លារ សម្រាប់ចុះជួយជនរងគ្រោះដោយសារទឹកជំនន់នេះ កាលពីថ្មីៗកន្លងទៅ លោកឧកញ៉ាចិត្តធម៌វេជ្ជបណ្ឌិត គួច ម៉េងលី បានចំណាយថវិកាចំនួន១៦០លានរៀល ស្មើនឹង៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់ចុះជួយប្រជាជនកម្ពុជាចំនួន២,២០៩គ្រួសារ ដែលជួបវិបត្តិសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩ នៅក្នុងឃុំបន្ទាយដែក និងឃុំគគី ស្រុកកៀនស្វាយ ចំនួន២លើក ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ចំនួន៦លើក អង្គការផ្ទះបាយកុមារ ចំនួន១លើក អង្គការជនពិការកម្ពុជាចំនួន១លើក អង្គការកុមារដ្ឋានម្លប់ ខេត្តកណ្ដាល ចំនួន១លើក ប្រគេនព្រះសង្ឃនៅវត្តក្ដីតាកុយ ចំនួន១លើក វត្តពុទ្ធស្ថាន ចំនួន១លើក និងវត្តវាលស្បូវ ចំនួន១លើក និងបុគ្គលិករបស់លោកចំនួន១០លើកផងដែរ។
ក្រៅពីនេះ លោកឧកញ៉ាចិត្តធម៌ គួច ម៉េងលី ក៏ធ្លាប់បរិច្ចាគថវិកាចំនួន១ម៉ឺនដុល្លារ សម្រាប់ជួយដល់ជនរងគ្រោះរលំបាក់អគារ នៅខេត្តព្រះសីហនុ និង១ម៉ឺនដុល្លារ សម្រាប់ជនរងគ្រោះរលំបាក់អគារនៅខេត្តកែប កាលពីកន្លងទៅផងដែរ។ នេះបើតាមប្រធានគម្រោងមូលនិធិ ម៉េងលី ជេ. គួច លោក សែម សំអាន បញ្ជាក់បន្ថែមដល់អ្នកសារព័ត៌មាន។
គួររម្លឹកថា បច្ចុប្បន្ន លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានតួនាទីជាស្ថាបនិក ប្រធានក្រុមប្រឹក្សា និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងជាបុគ្គលចិត្តធម៌មួយរូប តែងចំណាយទាំងកម្លាំងកាយចិត្ត ដើម្បីចែករំលែកនូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធ ទៅកាន់មហាជននានានៅទូទាំងប្រទេស។ លើសពីនេះ លោកឧកញ៉ាចិត្តធម៌ គួច ម៉េងលី តែងចូលរួមជួយលើកស្ទួយវិស័យអប់រំ ព្រមទាំងចុះជួយដល់ជនរងគ្រោះ និងប្រជាពលរដ្ឋដែលជួបការខ្វះខាតនៅតាមបណ្ដាខេត្តក្រុងរាជធានីនៅទូទាំងប្រទេស៕