នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នេះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ច និងត្រួតពិនិត្យនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង មុនអនុញ្ញាតឱ្យបើកដំណើរការសាលារៀនឡើងវិញ។
បន្ទាប់ពីចុះទស្សនកិច្ច និងត្រួតពិនិត្យស្ដង់ដាសុវត្ថិភាពអនាម័យ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរពីមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ជាគ្រឹះស្ថានអប់រំឯកជនមួយដែលមានស្ដង់ដាសុវត្ថិភាពអនាម័យខ្ពស់ មានការរៀបចំសណ្ដាប់ធ្នាប់បានល្អ បំពាក់គ្រឿងបរិក្ខាទំនើបៗ ដែលបង្កសុវត្ថិភាពអនាម័យ និងភាពងាយស្រួលដល់អ្នកសិក្សា និងលោកគ្រូ អ្នកគ្រូ។
នៅក្នុងការបូកសរុបដំណើរការចុះត្រួតពិនិត្យនេះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន និង លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ក៏បានចុះអនុស្សារណៈយោគយល់ទៅលើស្ដង់ដាសុវត្ថិភាពអនាម័យ ដើម្បីអនុញ្ញាតឱ្យមជ្ឈមណ្ឌល និងសាលារៀនបើកដំណើរការឡើងវិញ។
ទាក់ទិននឹងបញ្ហានេះ បើតាមគណៈគ្រប់គ្រងនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និង សាលារៀន អន្តរទ្វីប អាមេរិកាំង បានលើកឡើងថា គ្រឹះស្ថានសិក្សារបស់ខ្លួន បានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកដំណើរការសាលារៀនឡើងវិញ។
បើតាមគ្រឹះស្ថានសិក្សាដដែលបានបញ្ជាក់ថា ចំពោះការត្រៀមខ្លួនបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញនេះ គឺធ្វើឡើងដើម្បីធានាសុវត្ថិភាពអនាម័យជូនដល់សិស្សានុសិស្សតាំងពីថ្នាក់មត្តេយ្យសិក្សា រហូតដល់ថ្នាក់មធ្យមសិក្សាទុតិយភូមិ។ លើសពីនេះ ក៏ផ្ដល់នូវភាពជឿជាក់ និងទំនុកចិត្តសុវត្ថិភាពអនាម័យជូនអ្នកអាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សា។
ក្រៅពីនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និង សាលារៀន អន្តរទ្វីប អាមេរិកាំង បានគោរពនូវការណែនាំ និងអនុវត្តតាមវិធានការការពាររបស់ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក បានយ៉ាងខ្ជាប់ខ្ជួន។ ក្រៅពីនេះ អនុវត្តតាមគោលការណ៍ប្រតិបត្តិស្ដង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់បើកដំណើរការសាលារៀនឡើងវិញ។ នេះបើតាមគណៈគ្រប់គ្រងនៃគ្រឹះស្ថានសិក្សាឯកជនដដែលបានបញ្ជាក់បន្ថែម។
ការចុះត្រួតពិនិត្យ និងចុះអនុស្សារណៈយោគយល់ រវាងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកឧកញ៉ា វេជ្ជបណ្ឌិ គួច ម៉េងលី នេះធ្វើឡើងបន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា បានអនុម័តនូវឯកសារចំនួន២ រួមមានយុទ្ធសាស្ត្រស្ដីពី បើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ និងគោលការណ៍ប្រតិបត្តិការស្ដង់ដារ (SOP) សម្រាប់បើកដំណើរការគ្រឹះស្ថានសិក្សាក្នុងបរិបទនៃជំងឺកូវីដ១៩។ នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា។
សូមជម្រាបថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ចាប់ផ្ដើមទទួលចុះឈ្មោះសិក្សាវគ្គសិក្សាថ្មី និងឆ្នាំសិក្សាថ្មី ចាប់ពីថ្ងៃនេះតទៅនៅគ្រប់សាខានីមួយៗក្នុងរាជធានីភ្នំពេញ៕