ទិដ្ឋភាពទូទៅ
ខ្ញុំបានដឹង បានយល់ បានឮ បានឆ្លងកាត់ ហើយបានពិសោធនូវអ្វីៗដែលអាចចាត់ទុកជាសំណាងជាងញាតិមិត្តមួយចំនួន។ ហេតុនេះខ្ញុំព្យាយាមកត់ត្រានូវអ្វីដែលខ្ញុំបានចេះទុកជាប្រវត្តិ ដើម្បីកូនខ្មែរជំនាន់ក្រោយបានរៀនសូត្រនិងសិក្សាឈ្វេងយល់អំពីផ្នត់គំនិតថ្មីៗ។ ដូចយើងដឹងហើយ ឯកសារក្នុងស្រុកខ្មែរនៅជំនាន់នេះមានច្រើនណាស់ ប៉ុន្តែជាទូទៅសុទ្ធតែជាភាសាបរទេសមានដូចជាភាសាអង់គ្លេស ភាសាបារាំង និងភាសាបរទេសផ្សេងៗទៀតជាដើម បើជាឯកសារជាភាសាខ្មែរវិញមានភាគរយច្រើនណាស់ដែលបកប្រែពីភាសាបរទេស ឯសៀវភៅដែលនិពន្ធឬប្រសូតចេញពីស្នាដៃជនជាតិខ្មែរយើង ខ្ញុំសង្កេតឃើញពួកគាត់យកចិត្តទុកដាក់ខ្លាំងក្លាបំផុត ប៉ុន្តែជាទូទៅពួកគេសុទ្ធសឹងជាក្មេងដែលមានបទពិសោធខ្ចី។ ការនិយាយបែបនេះពុំមែនមានន័យថា គ្មានមនុស្សចាស់សរសេរសោះតែម្ដងទេ។ តាមពិតមានសៀវភៅជាច្រើនដែលអ្នកនិពន្ធចាស់ៗជំនាន់មុននិងជំនាន់នេះបានខិតខំសរសេរឡើងក្រោមរូបភាពស៊ីជម្រៅ។ ស្របជាមួយនឹងគ្នានេះ ខ្ញុំឆ្ងល់ចំពោះកូនខ្មែរ ហេតុអ្វីបានជាមិនសូវចូលចិត្តអានឬសិក្សាឈ្វេងយល់នូវផ្នត់គំនិតទាំងនោះ ហើយបែរជាចូលចិត្តដើរតាមផ្លូវកាត់ទៅវិញ នេះក៏ព្រោះតែពួកគេចង់បានឆាប់ទើបតាមផ្លូវកាត់។ ការដើរឬចង់បានតាមផ្លូវកាត់ដោយមិនអាន ឬមិនស្រាវជ្រាវនេះហើយ ដែលជាមូលហេតុនាំចំណេះដឹងកូនខ្មែរមួយចំនួនមានការខ្វះខាត ឬកាន់តែរិចរិលក៏សឹងថាបាន ជាពិសេសខ្វះខាតច្រើននៅក្នុងវិនិច្ឆ័យ ការយល់ដឹង និងការស្រាវជ្រាវ។ ដូច្នេះហើយបានជាខ្ញុំខិតខំប្រឹងប្រែងសរសេរសៀវភៅទាំងប៉ុន្មាននេះឡើង ដើម្បីជំរុញទឹកចិត្តប្រជាពលរដ្ឋយើងឱ្យមានចំណង់ចំណូលចិត្តចង់អានឡើងវិញ។
និពន្ធសៀវភៅដើម្បីសប្បុរធម៌
ក្នុងសៀវភៅនីមួយៗរបស់ខ្ញុំ គឺជាអ្វីៗដែលខ្ញុំបានដឹង បានយល់ បានឆ្លងកាត់ បានពិសោធ ហើយខ្ញុំចម្រាញ់វាជាឃ្លាឃ្លោងជាការណែនាំ ការពន្យល់ និងការបង្ហាញដល់សិស្ស និស្សិត និងយុវបញ្ញវន្តនូវអ្វីដែលជាឆាកជីវិត ជាការរស់នៅ ជាការរៀនសូត្រ ជាការរកទទួលទានក្នុងអាជីវកម្ម និងជាអ្វីៗដែលយើងបានឆ្លងកាត់នៅលើលោកនេះ ហើយទទួលបានជ័យជម្នះលើការរស់នៅ។ សៀវភៅទាំងនេះ ទោះវាមិនធ្វើឱ្យយើងក្លាយជាអ្នកមាន ឬធ្វើឱ្យយើងជោគជ័យ ហើយក៏មិនមែនជាសៀវភៅរូបមន្តធ្វើឱ្យយើងក្លាយជាមហាសេដ្ឋីក៏ពិតមែន ប៉ុន្តែវាជាសៀវភៅនាំយើងក្លាយទៅជាបុគ្គលម្នាក់ថ្មីដែលយើងខ្លួនឯងគិតមិនដល់ ឬជាអ្វីថ្មីដែលយើងមិនបានដឹងពីមុនមក។ ខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នាថា សៀវភៅទាំងអស់ដែលខ្ញុំនិពន្ធឡើងមិនមែនដើម្បីផលកម្រៃ ឬផលចំណេញអ្វីទាំងអស់។ សៀវភៅទាំងនេះ ខ្ញុំចំណាយថវិកាផ្ទាល់ខ្លួនដើម្បីបោះពុម្ព តែថវិកាទាំងអស់ដែលប្រមូលបានពីសៀវភៅ សូម្បីមួយកាកមួយសេនក៏ខ្ញុំមិនយកដែរ ពោលគឺខ្ញុំប្រមូលចូលក្នុងមូលនិធិ ជេ. គួច ទាំងអស់ ដើម្បីយកទៅធ្វើអណ្ដូង សង់សាលារៀន ពេទ្យចល័ត ធនាគារអាហារក្នុងនាមជាមនុស្សធម៌ ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិជាមួយនឹងរាជរដ្ឋាភិបាល។ ដូចថ្មីៗនេះ ខ្ញុំចំណាយអស់ជាង១៥,០០០ដុល្លារ ដើម្បីសង់អណ្ដូងទឹកជូនប្រជាជននៅភូមិថ្មកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាតំបន់ដែលកំពុងតែខ្សត់ទឹកប្រើប្រាស់ ជាពិសេសគឺនៅរដូវប្រាំង។ សួរថាគ្រាន់តែអណ្ដូងទឹកមួយសោះ ហេតុអ្វីចំណាយអស់ថវិកាច្រើនម្ល៉េះ? តាមពិត ការធ្វើអណ្ដូងទឹកមួយនៅកន្លែងមានប្រភពទឹក ជាទូទៅអស់ថ្លៃបំផុតត្រឹមតែ២ទៅ៣រយដុល្លារប៉ុណ្ណោះ ប៉ុន្តែនៅតំបន់គ្មានប្រភពទឹកដូចនៅភូមិថ្មកង្កែបវិញ គឺពិបាកបំផុតក្នុងការជីកអណ្តូងទឹកតាំងពីបុរាណមកម្ល៉េះ ព្រោះទីនោះជាតំបន់ភ្នំពិបាកខួងឬជីកអណ្ដូងទឹកខ្លាំងបំផុត។ អ្នកខ្លះយល់ថា តំបន់គ្មានប្រភពទឹកដូចនេះ កុំទៅជីកអីនាំតែបំផ្លាញលុយទទេទេ ប៉ុន្តែដោយសារតែខ្ញុំចង់ឃើញប្រជាពលរដ្ឋនៅទីនោះមានទឹកប្រើប្រាស់ទូលំទូលាយ ម្ល៉ោះហើយខ្ញុំទាក់ទងក្រុមហ៊ុនធ្វើអណ្ដូងចំនួន១៣ក្រុមហ៊ុន តែត្រូវគេបដិសេធសល់តែពីរក្រុមហ៊ុនប៉ុណ្ណោះ។ ក្រុមហ៊ុនទី១ ខួងអត់ចេញទឹក ហើយក៏រត់បាត់ទៅ។ នៅលស់ក្រុមហ៊ុនចុងក្រោយ នៅចំពោះស្ថានភាពលំបាកបែបនេះទាល់តែយើងជីកបំបែកថ្ម ហើយចូលជ្រៅទៅក្រោមថ្មទៀតទើបមានដង្ហើមទឹក។ ទម្រាំតែបានសម្រេច គឺត្រូវចំណាយពេលវេលា និងត្រូវប្ដូរទីតាំងរហូតដល់ទៅ៤កន្លែងឯណោះ។ កន្លែងខ្លះខួងដល់ជម្រៅយ៉ាងជ្រៅជិត១០០ម៉ែត្រចុះក្រោម ក៏ពុំអាចរកប្រភពទឹកឃើញដែរ។ នៅទីបំផុតខ្ញុំធ្វើបានជោគជ័យ ហើយខ្ញុំសប្បាយចិត្តជួសប្រជាពលរដ្ឋនៅទីនោះដែលមានទឹកប្រើប្រាស់បានទូលំទូលាយដូចគេ។
សួរថា តើខ្ញុំនិយាយរៀបរាប់នូវរឿងរ៉ាវទាំងអស់នេះធ្វើអ្វី? ពីព្រោះខ្ញុំចង់ឱ្យប្រជាពលរដ្ឋខ្មែរគាំទ្រនូវស្នាដៃនិពន្ធរបស់ខ្ញុំ ដើម្បីប្រមូលថវិកាជួយប្រជាពលរដ្ឋខ្មែរយើងដែលខ្វះខាតបន្តទៀត។ មកដល់ដំណាក់កាលនេះ ទោះប្រទេសជាតិយើងលូតលាស់ក៏ពិតមែន ប៉ុន្តែនៅក្នុងនោះខ្ញុំឃើញមានប្រជាពលរដ្ឋខ្មែរខ្លះនៅតែខ្វះខាតទាំងថ្នាំសង្កូវ ការព្យាបាល អណ្ដូងទឹក ជម្រករស់នៅ បើនិយាយទៅ គឺនៅខ្វះខាតច្រើនណាស់។ អ្វីដែលខ្ញុំនិយាយនេះហាក់ប្រាសចាកឆ្ងាយពីការតែងនិពន្ធបន្តិចមែន តែខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា ការធ្វើអ្វីមួយតែងតែមានជាប់ពាក់ព័ន្ធគ្នាសឹងតែទាំងអស់ គឺប្រៀបដូចសង្វាក់ជីវិតដែលមានន័យខ្លឹមសារខ្លាំងក្លាបំផុត។ ទោះធ្វើអ្វីក៏ដោយ យើងមិនអាចប៉ងតែមួយរហូតជ្រុលទៅមុខតែម្នាក់ឯងនោះទេ ព្រោះវាមានសង្វាក់ទាក់ទាញគ្នាដូចជាម៉ាស៊ីនយ៉ាងដូច្នោះដែរ បើតែខ្វះគ្រឿងណាមួយ វានឹងមិនដំណើរការឡើយ។ រីឯជីវិតក៏មិនខុសដូចគ្នាដែរ ប្រសិនបើជីវិតខ្វះធាតុផ្សំណាមួយ វាហាក់បីដូចជាសោះកក្រោះមិនសប្បាយចិត្តនឹងការរស់នៅយ៉ាងដូច្នោះដែរ។ តួយ៉ាងប្រសិនបើខ្ញុំដើរតែម្នាក់ឯង មានវាសនារកស៊ីជោគជ័យ ហើយមិនធ្វើអ្វីជួយបរិការណ៍ក្នុងភូមិខ្លួនឯងរីកចម្រើនដែរទេ ខ្ញុំមានអារម្មណ៍ថា ជីវិតរបស់ខ្ញុំក៏ក្រៀមក្រំទៅតាមហ្នឹងដែរ។ ក្នុងចិត្តខ្ញុំរំពឹងថា ជីវិតយើងនឹងរីកចម្រើនស្រស់បំព្រងដូចសម្ដីចាស់ៗពោលឡើងថា សាមគ្គី គឺជាជ័យជម្នះរបស់យើងទាំងអស់ បើគ្មានវាទេយើងមិនជោគជ័យឡើយ។ ហេតុនេះ ការសរសេរសៀវភៅរបស់ខ្ញុំ គឺជាការចូលរួម ឬជាការរួមផ្សំគំនិតគិតរកវិធីសាស្ត្រ និងចារគំនិតទុក ដើម្បីកូនខ្មែរសិក្សាឈ្វេងយល់ទៅថ្ងៃខាងមុខ។
ដូចខ្ញុំជម្រាបខាងដើមរួចហើយ ចំពោះសៀវភៅដែលខ្ញុំបោះពុម្ពនីមួយៗ ខ្ញុំតែងតែតម្កល់ទុកនៅបណ្ណាល័យជាតិ បណ្ណាល័យតាមសាកលវិទ្យាល័យទាំងអស់ក្នុងប្រទេសកម្ពុជា បណ្ណាល័យតាមបណ្ដាអង្គការនានា បើបណ្ណាល័យណាខ្វះខាតសៀវភៅទាំងនេះអាចស្នើសុំពីខ្ញុំបាន។ ខ្ញុំបោះពុម្ពចូលរាប់ម៉ឺនក្បាលហើយ ប៉ុន្តែខ្ញុំលក់បានតែមធ្យមប៉ុណ្ណោះ ជាងពាក់កណ្ដាលខ្ញុំបរិច្ចាគជូនដល់បណ្ណាល័យនិងយុវជនខ្មែរ។ គោលដៅរបស់ខ្ញុំពុំមែនការលក់ប៉ុន្មានទេ តាមពិតមានចេតនានាំសៀវភៅទាំងនេះបានដល់ដៃប្រជាពលរដ្ឋ។
ការនិពន្ធសៀវភៅ ជាការកម្សាន្តរបស់ខ្ញុំ
មានសៀវភៅប្រភេទខ្លះ គេនិពន្ធឡើង ដើម្បីការចែកចំណេះ និងដើម្បីបានចំណូលខ្លះបន្តការសរសេររបស់គេ តែសម្រាប់ខ្ញុំ ការនិពន្ធសៀវភៅ គឺជាការកម្សាន្តនិងជាចំណង់ចំណូលចិត្តរបស់ខ្ញុំ បន្ទាប់ពីការពន្យល់ពីសុខភាពសាធារណៈ ការអប់រំ និងវិធីសាស្ត្រធ្វើអាជីវកម្មតាមទូរទស្សន៍។ រាល់ពេលទំនេរក្រៅពីនេះ ខ្ញុំតែងតែយកចិត្តទុកដាក់ក្នុងការនិពន្ធនេះឯង ព្រោះថាពេលនេះក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន របស់ខ្ញុំ គឺខ្ញុំបានប្រគល់ឱ្យបុគ្គលិករបស់ខ្ញុំចំនួន១,៥០០នាក់ ជាអ្នកគ្រប់គ្រង។ ពួកគាត់ គឺជាបុគ្គលិកមហាអស្ចារ្យនៅក្នុងស្រុកខ្មែរ ដែលខ្ញុំគិតថាខ្ញុំសំណាងបំផុតដែលបានពួកគេមកជួយ។
មានអ្នកគាំទ្រខ្ញុំមួយចំនួន គាត់ប្រាប់ខ្ញុំថា ខ្ញុំគឺជាបុគ្គលិកដំបូងគេហើយដែលបន្សស់ទុកស្នាដៃចំណេះដឹងទាំងផ្នែកនិពន្ធជាសៀវភៅ ជាវីឌីអូ ជាទស្សនាវដ្ដី និងជាកាសែតទាន់សម័យសម្រាប់កូនខ្មែរបានអានបានមើលក្នុងសតវត្សរ៍ថ្មីនេះ។ នេះគ្រាន់តែជាការវិនិច្ឆ័យរបស់អ្នកគាំទ្រមកលើខ្ញុំតែប៉ុណ្ណោះ ប៉ុន្តែបើយើងគិតស៊ីជម្រៅជាងនេះ យើងនឹងមើលឃើញថា ជំនាន់ដើមមានចាស់ៗច្រើនណាស់ ដែលបានកត់ត្រា តាក់តែង និពន្ធយ៉ាងសន្ធឹកសន្ធាប់ គ្រាន់តែពីមុនមិនសូវមានអ្នករៀបចំទុកដាក់ ម្ល៉ោះហើយមានឯកសារខ្លះខូច ខ្លះបាត់បង់ ជាពិសេសគឺបាត់បង់ស្ទើរតែទាំងស្រុងនៅសម័យកម្ពុជាប្រជាធិបតេយ្យ ដែលប្រជាពលរដ្ឋខ្មែរយើងស្គាល់និងហៅយ៉ាងរត់មាត់ថា សម័យរបបខ្មែរក្រហម ឬជំនាន់ ប៉ុល ពត។ សម័យនោះកុំឡើយឯកសារសំខាន់ៗត្រូវគេដុតបំផ្លាញចោល ក្នុងនោះសូម្បីតែរូបថតគ្រួសារលក្ខណៈឯកជនសោះ ក៏ត្រូវដុតបំផ្លាញចោលដែរ ព្រោះខ្លាចគេសម្លាប់យើង។ ក្រោយពីរបបនេះដួលរលំទៅ យើងគ្មានសេសលស់អ្វីទៀតដែរ បើនិយាយពីសម័យឥឡូវវិញ តាមខ្ញុំកត់សម្គាល់ក្នុងសង្គម ខ្ញុំឃើញកូនខ្មែរមិនសូវមានពេលមកអង្គុយសរសេរនោះទេ។ បើគាត់មានពេល គឺគិតតែពីខិតខំរៀនយ៉ាងណាឆាប់ចប់ ហើយនឹងអាលរកការងារធ្វើយកលុយទៅចិញ្ចឹមប្រពន្ធកូន ឪពុកម្ដាយបង្កើត និងឪពុកម្ដាយក្មេករបស់ពួកគេ។ គាត់ខិតខំប្រឹងប្រែងធ្វើ ឬរកស៊ីបែបនេះ ជាហេតុធ្វើឱ្យពួកគាត់ខ្សោះអស់កម្លាំង បើថាគាត់មានកម្លាំង ក៏មិនសូវជាមានពេលវេលាសរសេរសៀវភៅដែរ។ បើថ្លែងពីខ្លួនខ្ញុំវិញ ខ្ញុំគិតថា ខ្ញុំមហាសែនមានសំណាងណាស់ ដែលមានពេលចូលរួមក្នុងសកម្មភាពសប្បុរធម៌ ការនិពន្ធសៀវភៅ និងមានពេលដើម្បីការសរសេរសៀវភៅបន្តៗទៀត ហើយខ្ញុំនឹងបន្តសរសេររាល់ពេលដែលខ្ញុំទំនេរ។
អត់ចេះខ្មែរ តែអាចនិពន្ធសៀវភៅជាភាសាខ្មែរបាន
អស់លោកខ្លះប្រហែលជាមិនបានដឹងថា ខ្ញុំមិនបានរៀនខ្មែរទេ។ ការណ៍ដែលខ្ញុំមិនបានរៀនដូចនេះហើយទើបនាំឱ្យខ្ញុំមិនចេះខ្មែរ។ ខ្ញុំត្រឡប់មកដល់ស្រុកខ្មែរវិញ កាលពីឆ្នាំ២០០២ ខ្ញុំចេះខ្មែរប្រហែល២០ភាគរយប៉ុណ្ណោះ ហើយរហូតមកទាល់នឹងសព្វថ្ងៃនេះ ក៏ខ្ញុំនៅតែចេះខ្មែរមិនទាន់ច្បាស់ដែរ។ ទោះការអាន ខ្ញុំអាចអានដាច់តែខ្ញុំសរសេរមិនត្រូវអក្សរទេ ឯការនិយាយ ខ្ញុំនិយាយបានតែនិយាយជាផ្លូវការមិនសូវចេះ ម្លោះហើយខ្ញុំមិនសូវហ៊ាននិយាយទេ ព្រោះខ្លាចនិយាយទៅខុសគេចាប់អូសដំណើរ។ កាលពីមុន ខ្ញុំនិយាយខុសដោយអចេតនាបានទទួលគ្រោះថ្នាក់ម្ដងពីរដងរួចមកហើយ។ មានពាក្យពេចន៍មួយចំនួនកាលពីដើម គឺមានន័យសាមញ្ញ តែសម័យថ្មីនេះគេមិនសូវប្រើ នៅពេលដែលខ្ញុំប្រើ គេថាខ្ញុំនិយាយធ្ងន់ ដូចពាក្យចាស់និយាយថា ថ្លើមខ្លៅ។ នៅពេលដែលខ្ញុំឮចាស់ៗនិយាយបែបនេះ ខ្ញុំក៏និយាយតាមគាត់ តែគេថាខ្ញុំនិយាយពាក្យនេះអាក្រក់ស្ដាប់ណាស់។ មានដងនោះខ្ញុំនិយាយថា ពួកនេះអន្យតិរ្ថិយណាស់ គេថាពាក្យនេះរឹតតែធ្ងន់ធ្ងរមិនអាចនិយាយទៅទៀត បើហ៊ានតែនិយាយអាចនឹងដាច់ក ព្រោះពាក្យនេះមានន័យអាក្រក់ពេក។ ខ្ញុំគិតយូរៗទៅ ពាក្យអាក្រក់ ពាក្យល្អ ពាក្យស្អាត ទាំងនំ ទាំងចំណី ទាំងរឿង ទាំងរ៉ាវ ទាំងប្រវត្តិសាស្ត្រ ទាំងសីលធម៌ ទាំងប្រពៃណី ប្រសិនបើយើងឈប់ប្រើវាមែននោះ ប្រាកដជាបាត់បង់មិនខាន។ បើខ្ញុំមិនប្រើទេ ខ្ញុំមានអារម្មណ៍ដូចជាស្ដាយរបស់ខ្មែរ ប៉ុន្តែបើខ្ញុំនិយាយ ខ្ញុំប្រាកដជាមានគ្រោះថ្នាក់ ហើយនៅពេលដែលខ្ញុំនិយាយចេះតែជ្រុលមាត់។
អ្នកខ្លះសួរខ្ញុំថា បើខ្ញុំមិនចេះខ្មែរផង ហេតុអ្វីសរសេរសៀវភៅបានល្អ? បើខ្ញុំឆ្លើយឆ្លងសារ ជាទូទៅខ្ញុំសរសេរជាអក្សរឡាតាំង និងជាសំឡេង ជាពិសេសរាល់ពេលដែលខ្ញុំឡើងនិយាយក្នុងសិក្ខាសាលាខ្ញុំតែងថតសំឡេងទុក បន្ទាប់មកខ្ញុំជួលគេមកបំប្លែងពីសំឡេងទៅជាអក្សរ ហើយរៀបចំវាជាឃ្លោងឃ្លា។ នេះហើយជារបៀបរបបនៃការនិពន្ធសៀវភៅរបស់ខ្ញុំ ពោលគឺនិពន្ធតាមបែបបច្ចេកវិទ្យាទំនើប។ ដោយសារតែបែបនេះហើយ ទើបនៅពេលដែលខ្ញុំនិយាយខ្មែរនៅតាមសាធារណៈម្ដងៗ ខ្ញុំមានការភ័យព្រួយពីសុវត្ថិភាពរបស់ខ្ញុំ ព្រោះខ្លាចនិយាយទៅខុសឆ្គង។ កាលខ្ញុំចាប់ផ្ដើមបើកសាលារៀនដំបូង ខ្ញុំតែងតែភាន់ច្រឡំរវាងពាក្យមោទនភាពនិងមរណភាព រហូតមកទាល់នឹងពេលនេះខ្ញុំនៅតែប្រើខុស សូម្បីតែពាក្យកាយ៉ាយ៉ៃ (ការិយាល័យ) ក៏ខ្ញុំនិយាយមិនត្រូវផង គឺរឹងមាត់និយាយមិនត្រូវសំឡេង។ ខ្ញុំសុំនិយាយជាសាធារណៈថា ខ្ញុំជាកូនខ្មែរ មិនមែនជាកូនចៅវៀតណាមទេ។ អ្នកខ្លះយល់ច្រឡំថា ខ្ញុំជាកូនចៅវៀតណាម មើលមកមុខខ្ញុំ គឺដូចវៀតណាម សូម្បីតែសក់ខ្ញុំក៏ជាវៀតណាមដែរ ប្រហែលជាខ្ញុំបន្លំធ្វើខ្មែរហើយមើលទៅ។ ខ្ញុំសូមប្រាប់ថា ខ្ញុំកូនខ្មែរ កើតលើទឹកដីខ្មែរ ប៉ុន្តែដោយសារខ្ញុំទៅនៅអាមេរិកក្រោយជំនាន់ខ្មែរក្រហម កាលនោះខ្ញុំមានសាច់ញាតិរត់ទៅវៀតណាម ហើយដើម្បីវៀតណាមទទួលស្គាល់ គ្រួសារខ្ញុំប្រើត្រកូលតាមវៀតណាម។ ត្រកូលនេះ បើខ្មែរគេសរសេរ គួច (Kouch) តាមគ័ងតុងគេសរសេរ Kwok តាមកុកងឺគេសរសេរ Guo និងតាមវៀតណាមគេសរសេរ Quach ដែលមានសំឡេងខុសគ្នាទាំងអស់។ ខ្ញុំចង់ប្ដូរដែរ តែប្ដូរមិនកើត ព្រោះវាហួសហើយ។ ត្រង់ចំណុចនេះហើយ ដែលគេចេះតែច្រឡំថា ខ្ញុំជាកូនចៅវៀតណាម។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនចេះខ្មែរទេ តែបើសរសេរខុសខ្ញុំដឹងថាខុស ហើយព្យាយាមឈ្វេងយល់ពីអត្ថន័យជាភាសាខ្មែរបន្ថែមទៀត។
ខ្ញុំសោកស្ដាយណាស់ ក្នុងឆ្នាំ១៩៧៥ គឺនៅដើមសម័យខ្មែរក្រហម ខ្ញុំរៀនខ្មែរបានត្រឹមតែថ្នាក់មត្តេយ្យ ស្រាប់តែមានការប្ដូររបបពីសាធារណរដ្ឋទៅរបបកម្ពុជាប្រជាធិបតេយ្យ។ ទោះយ៉ាងណានៅក្នុងសម័យនេះ យើងមិនចង់ឱ្យមានប្ដូររបបទៀតទេ ព្រោះការប្ដូរម្ដងៗ ប្រជាជនយើងស្លាប់អស់រាប់លាននាក់។ ដូច្នេះយើងមិនចង់ឱ្យមានការប្ដូររបបអ្វីទាំងអស់ និយាយទៅឱ្យតែបានរស់នៅត្រជាក់ត្រជំ គឺជាការប្រសើរបំផុតហើយ ព្រោះមិនងាយបានអង្គុយសរសេរសៀវភៅ ហើយរឹតតែមិនងាយបានកាន់ក្បាលមេក្រូនិយាយដូចនេះទៅទៀត។ ទោះនៅស្រុកខ្មែរ ខ្ញុំមិនបានរៀនសូត្រអំពីខ្មែរច្រើន ប៉ុន្តែក្រោយពីខ្ញុំបានទៅដល់សហរដ្ឋអាមេរិក ខ្ញុំបានរៀនចាប់ពីថ្នាក់ទី៨ រហូតបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ បញ្ចប់ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបានបញ្ចប់វេជ្ជបណ្ឌិត ហើយបានធ្វើសាស្ត្រាចារ្យបង្រៀនផ្នែកវេជ្ជសាស្ត្រនៅទីនោះទៀត។ ងាកមកវិញ អ្នកខ្លះរិះគន់ខ្ញុំថា គេសួរសំណួរជាអក្សរខ្មែរ ខ្ញុំបែរជាឆ្លើយជាអក្សរឡាតាំងទៅវិញ។ ខ្ញុំសូមទោស ព្រោះខ្ញុំមិនចេះវាយពុម្ពអក្សរបែបនេះទេ។ ជាក់ស្ដែងចេះខ្មែរតិចតួចដែរ គ្រាន់តែខ្ញុំមិនចេះវាយពុម្ពអក្សរដែលមាននៅក្នុងទូរសព្ទរបស់ខ្ញុំ។ ម្យ៉ាងខ្ញុំចេះសរសេរអក្សរខ្មែរតិចតួចបែបនេះ ខ្លាចតែសរសេរទៅខុសអក្សរ ព្រោះភាគច្រើនខ្ញុំសរសេរត្រាប់តាមសូរសំឡេង ដូចជាពាក្យ «អ្នក» និង «នាក់» ខ្ញុំមិនដឹងសរសេរមួយណាទេ។ ហេតុនេះប្រសិនបើខ្ញុំសរសេរខុស គេនឹងប្រកាន់ឬជេរខ្ញុំលើសដើមជាមិនខាន។ ប្រការនេះបានបង្ខំខ្ញុំឱ្យផ្ញើសារសំឡេង ជាអក្សរឡាតាំង ឬជាភាសាអង់គ្លេស។
ការសរសេរអ្វីក៏ដោយ បើយើងមានអារម្មណ៍ ឬនឹកឃើញអីសរសេរហ្នឹង កុំសរសេររវល់តែអង្គុយកែ។ ការសរសេរបែបនេះ ទោះសរសេរដល់ចាស់ ក៏សរសេរមិនចេញដែរ។ ដូចខ្ញុំរាល់ថ្ងៃ ខ្ញុំមានកត់ត្រារបស់ខ្ញុំ ហើយនៅពេលដែលខ្ញុំនិយាយខ្ញុំថតសំឡេងទុក។ សំឡេងដែលខ្ញុំបានថតទាំងប៉ុន្មាន ខ្ញុំរៀបចំបណ្ដុំជាអក្សរ បន្ទាប់មកខ្ញុំជ្រើសរៀបចំជាអត្ថន័យ បន្តមកទៀតខ្ញុំបណ្ដុំវាចេញជាវគ្គជារឿង។ ដូច្នេះការសរសេរសៀវភៅមិនស្រួលដូចការគិតឡើយ។ ការថតសំឡេង ការថតវីឌីអូ អ្នកប្រវត្តិសាស្ត្រគេយល់ច្បាស់ណាស់ ជាក់ស្ដែងដូចក្រុមហ៊ុននៅស្រុកគេ គេនិយាយថា ក្រុមហ៊ុនត្រូវតែមានច្បាប់ទម្លាប់ ប្រទេសត្រូវមានប្រវត្តិសាស្ត្រ បុគ្គលត្រូវមានកំណត់ត្រា ម្ល៉ោះហើយពេលខ្ញុំទៅណាមកណា ខ្ញុំមានក្រុមការងារថតទាំងសំឡេងនិងរូបភាព។ អ្វីដែលខ្ញុំនិយាយទាំងប៉ុន្មាន ខ្ញុំផលិតចេញជាសៀវភៅទាំងអស់។
មូលហេតុដែលខ្មែរមិននិយមអានសៀវភៅ ខ្ញុំនៅតែបន្តសរសេរ
ក្នុងនាមខ្ញុំជាអ្នកអប់រំ វេជ្ជសាស្ត្រ និងធុរកិច្ច ខ្ញុំស្រឡាញ់សៀវភៅណាស់។ នៅពេលឃើញសៀវភៅ ខ្ញុំនឹងទិញទុកជាអនុស្សាវរីយ៍ ទោះមិនទាន់មានពេលបានអានក៏ដោយ តែក្រោយមានពេលខ្ញុំនឹងអានវា។ មូលហេតុដែលកូនខ្មែរមិនចូលចិត្តអាន តាមខ្ញុំយល់និងមើលឃើញសព្វថ្ងៃ គឺដោយសារតែខ្មែរមិនទាន់មានវប្បធម៌អាន ការរៀនសូត្រមិនសូវជាប់លាប់ដូចស្រុកគេ ឯប្រទេសជាតិក៏រអាក់រអួល។ ការអាក់ខាននិងមិនទៀងទាត់ គឺជារឿងមួយ ហើយរឿងជាទូទៅមួយទៀត គឺនៅតាមបណ្ដាភូមិក្នុងតំបន់ខ្លះ ពលរដ្ឋខ្មែររកតែបាយចម្អែតក្រពះសឹងមិនបានផង។ គ្រួសារខ្លះបែកកូនបែកចៅ គ្រួសារខ្លះត្រូវបង្ខំចិត្តចំណាកស្រុកដើម្បីជីវភាពរស់នៅ ហើយមានគ្រួសារខ្លះទៀតរញេរញៃ ប្ដីប្រពន្ធឈ្លោះប្រកែកគ្នា កូនប្រសេចប្រសាច។ បើជីវភាពលំបាកយ៉ាងនេះសួរថា ពួកគាត់មានអារម្មណ៍ឯណាទៅអានសៀវភៅនោះ។ ស្ថិតក្នុងប្រទេសកំពុងអភិវឌ្ឍ សង្គមក៏ដូចសង្គមណាដែរ គឺមានរឿងបែបនេះច្រើនណាស់ ដែលធ្វើឱ្យប្រជាជនមានអារម្មណ៍មិននឹងន ឬអាចឈានទៅរកការបាក់ទឹកចិត្ត។ បើរកអ្វីចិញ្ចឹមក្រពះមិនបានផង ពួកគាត់នឹងលែងខ្វល់ពីការរៀនសូត្រ ពីការអានសៀវភៅទៀតហើយ។ កត្តាទាំងនេះ គឺជាបំណែកដ៏តូចមួយនៅក្នុងហេតុផលសង្គម។
កត្តាមួយទៀត ដែលជាហេតុដែលនាំឱ្យពលរដ្ឋមិនចូលចិត្តអានសៀវភៅដែរនោះ គឺមិនសូវមានសៀវភៅជាភាសាខ្មែរសម្រាប់ពួកគាត់អាន ពោលគឺមានតិចតួចមែនទែន។ បើនិយាយនៅភ្នំពេញមានច្រើនគួរសមដែរ តែមានតម្លៃថ្លៃអស្ចារ្យ។ សៀវភៅខ្លះមានតម្លៃថ្លៃដល់ម្ល៉ឹង តើពួកគាត់មានលុយឯណាសម្រាប់ទិញអាន។ ពួកគាត់រកលុយទិញអាហារចិញ្ចឹមក្រពះសឹងមិនបានផង តែសៀវភៅខ្លះមានតម្លៃដប់ម្ភៃដុល្លារ គឺស្មើនឹងមួយភាគបួននៃប្រាក់ខែពួកគេបាត់ទៅហើយ តើពួកគាត់មានទឹកចិត្តណាអាន។ ដោយឡែកអ្នកមានលុយទិញ តែសៀវភៅជាក់ស្ដែងសុទ្ធតែភាសាបរទេស។ ប្រជាជនខ្មែរជិត១៧លាននាក់ មានប៉ុន្មាននាក់ដែលចេះភាសាបរទេស ភាគច្រើននៃពួកគាត់អានសៀវភៅទាំងនោះមិនងាយយល់ន័យទេ ពីព្រោះវាពុំមែនជាភាសាជាតិយើង បើអានជាភាសាជាតិខ្លួនឯងច្បាស់ជាយល់ន័យ មានអារម្មណ៍ឌូត ងប់ងល់នឹងការអាន តែបើសៀវភៅជាភាសាដទៃពីភាសាខ្លួនឯង គឺអានរដិបរដុប តឹងទ្រូង វេទនា ប្រឹងបកផង ប្រឹងយល់ន័យផង ទម្រាំតែយល់អត្ថន័យធុញលែងចង់អានបាត់ទៅហើយ។
រឿងដែលខ្ញុំលើកយកមកនិយាយនេះ គឺជាការពិត ហើយមិនសូវមាននរណាហ៊ានលើកយកមកនិយាយទេ ព្រោះបើនិយាយចេញទៅគេថាខុសនាំឱ្យគេខឹងសម្បារ ប៉ុន្តែវាជារឿងជាក់ស្ដែងក្នុងសង្គមខ្មែរ ហើយខ្ញុំចូលចិត្តនិយាយរឿងណាដែលជាការពិត ចំពោះរឿងណាដែលមិនពិតខ្ញុំមិនចូលចិត្តនិយាយទេ។ ការនិយាយរឿងពិតរែងស្លែងតែងមិនពីរោះ ហើយតែងតែទ្រគោះដល់គេពុំខាន តែបើយើងមិនចង់ប៉ះទង្គិចទេលុះត្រាតែយើងកុំស្ដាប់។ បើប្រជាជនមិននិយមអានផង តើខ្ញុំខំសរសេរធ្វើអ្វីទៀត? ខ្ញុំត្រូវតែខំសរសេរ ព្រោះជាអក្សរខ្មែរ។ ទោះតិចឬច្រើនខ្ញុំសង្ឃឹមថា កូនខ្មែរជាង១៦លាននាក់ យ៉ាងហោចណាស់ពួកគាត់ចេះខ្មែរ សូម្បីអ្នកនៅជនបទដែលរៀនមិនចប់ចុងចប់ដើម ក៏អាចអានបានដែរ ព្រោះយើងគ្មានសំណាងដូចអភិជនមួយចំនួនដែលបរទេសនិយមនោះទេ ជីវិតយើងលំបាកខ្លាំងណាស់។ ដូច្នេះគោលដៅរបស់ខ្ញុំពុំមែនសរសេរលក់ប៉ុន្មានទេ គឺមានចេតនានាំសៀវភៅទាំងនេះបានដល់ដៃប្រជាពលរដ្ឋ។ ប្រហែលអ្នកទាំងអស់គ្នាឧស្សាហ៍ឃើញខ្ញុំចុះអត្ថលេខាលើសៀវភៅ ព្រមទាំងថតជាមួយភ្ញៀវនៅការិយាល័យខ្ញុំ ភាគច្រើនគាត់មកសុំសៀវភៅពីខ្ញុំ ហើយមិនមែនខ្ញុំផ្ញើឬចាត់គេយកទៅជូនគាត់ទេ គឺខ្ញុំសុខចិត្តអង្គុយចាំចុះអត្ថលេខាជូនគាត់ ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់។ ក្នុងមួយជីវិតខ្ញុំ ខ្ញុំចំណាយពេលច្រើនណាស់ ហើយភាគច្រើនមិនមែនចំណាយពេលលើការងារក្រុមហ៊ុនទេ គឺចំណាយពេលលើការផលិតវីឌីអូអប់រំ ចំណាយពេលលើការផលិតសៀវភៅ និងចំណាយពេលលើការងារសប្បុរធម៌នេះឯង៕
សម្រួលអត្ថបទដោយក្រុមការងារ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ