ដោយ AIS Journalism Club ៖ ជា ភីតថ័រ និង ឈិញយុត្តិកា
ប្រសិនបើយើងដកទ្រព្យសម្បត្តិ ភាពចង់មានបាន និងកេរ្តិ៍ឈ្មោះនៅក្នុងសង្គមចេញ នោះបុគ្គលគ្រប់រូបមានសមភាពរវាងគ្នាតាំងពីកំណើត ដោយគ្មានភាពលោភលន់ និងចង់មានបានអ្វីឡើយ។ ប៉ុន្តែ បច្ចុប្បន្ន វិថីជីវិតរបស់យើងបានវិវឌ្ឍដំណើរទៅមុខជានិច្ច ដោយអ្នកខ្លះទទួលបានជោគជ័យក្នុងការរកស៊ី មានកេរ្តិ៍ឈ្មោះល្បីល្បាញ តែអ្នកខ្លះជីវិតហាក់ពុំប្រសើរឡើយ។
ប៉ុន្មានចំណុចខាងក្រោមនេះ ជាមូលដ្ឋានគ្រឹះកើតឡើងតាមរយៈការស្រាវជ្រាវ ដែលយើងអាចអនុវត្ត ឬត្រិះរិះជាប្រយោជន៍បាន ដោយក្នុងនោះមានដូចជា៖
រៀនពីភាពបរាជ័យ
រាល់បេសកកម្ម និងដំណើរជីវិត ដែលប្រឹងប្រែងសម្រេចឱ្យបានដល់គោលបំណងរបស់ខ្លួននោះ រមែងជួបនូវឧបសគ្គ ដែលអាចកើតឡើងដោយពុំដឹងមុន ហើយលទ្ធផលទទួលបាន គឺភាពបរាជ័យ។ ប៉ុន្តែ ទោះឧបសគ្គ ឬលទ្ធផលអវិជ្ជមានក្ដី យើងត្រូវចាត់ទុកវាជាមេរៀន និងបទពិសោធដ៏ល្អ សម្រាប់កែប្រែដើម្បីដំណើរជីវិតរបស់យើងឱ្យប្រសើរ និងទទួលបានផ្លែផ្កាល្អតាមរយៈភាពបរាជ័យនេះ។ មានន័យថា រាល់ភាពបរាជ័យ យើងអាចរៀនពីកំហុសខ្វះខាត ដោយមិនបោះបង់ ឬគ្មានភាពភ័យខ្លាច ដើម្បីសម្រេចនូវគោលដៅរបស់យើងបន្តទៀត។
អានឱ្យបានច្រើន
សៀវភៅជាកំណត់ត្រាល្អៗរបស់អ្នកនិពន្ធ ដែលមានដំបូងតារយៈសិលាចារឹកតាំងពីសម័យបុរាណមកម្ល៉េះ តែបច្ចុប្បន្ន ការអាននៅតែមានគុណតម្លៃ និងមានអត្ថប្រយោជន៍បំផុតសម្រាប់មនុស្សគ្រប់រូបនៅលើសាកលលោក។ មានន័យថា រាល់ពេលយើងអានសៀវភៅ ឬប្រភពឯកសារផ្សេងៗបានច្រើនបំផុត នោះយើងទទួលបានចំណេះដឹង ចំណេះធ្វើ និងបទពិសោធថ្មីៗយ៉ាងទូលំទូលាយ ដែលអាចមើលពិភពលោកទាំងមូលឃើញដូចបាតដៃយើងអ៊ីចឹងដែរ។ ព្រោះនៅក្នុងខ្លឹមសារនៃសៀវភៅរបស់អ្នកនិពន្ធនីមួយៗ គឺបង្កប់នូវការអប់រំ ព័ត៌មាន កម្សាន្ត និងចំណេះដឹងល្អៗ ដែលយើងអាចអនុវត្ត ឬកែច្នៃជីវិតយើងឱ្យប្រសើរបាន។ ជាពិសេស រាល់ការអានបានច្រើន គឺយើងកើននូវចំណេះ ចេះដឹងបានទូលំទូលាយ ងាយស្រួលដោះស្រាយរាល់បញ្ហានៅក្នុងជីវិតរស់នៅប្រចាំថ្ងៃបានយ៉ាងរលូន។ លោក អ៊ីឡន ម៉ាស (Elon Musk) នាយកប្រតិបត្តិនៃក្រុមហ៊ុនTesla ដ៏ល្បីមួយ ដែលទទួលបានជោគជ័យទៅបាន គឺលោកមានទម្លាប់អានសៀវភៅ កាសែត ទស្សនាវដ្ដី …គ្រប់ឯកសារ ជារៀងរាល់ថ្ងៃ។
ការសិក្សា
ជាការយល់ខុសរបស់បុគ្គលមួយចំនួន ដែលគិតថាការសិក្សាសម្ដៅតែលើការអប់រំនៅក្នុងសាលារៀន ឬគ្រឹះស្ថានសិក្សាប៉ុណ្ណោះ តែហាក់ភ្លេចគិតថា រាល់ការសិក្សារបស់ជីវិតមនុស្សនៅលើផែនដីនេះ គឺអាចសិក្សាបានគ្រប់មជ្ឈដ្ឋាន គ្រប់សង្គម គ្រប់ជំពូកមនុស្ស គ្រប់ទីកន្លែង គ្រប់ពេលវេលា គ្រប់វ័យទាំងអស់ ជាពិសេស អាចសិក្សាបានពេញមួយជីវិតរបស់មនុស្សយើង។
ភាពលេចធ្លោរពីអ្នកដទៃ
ធម្មជាតិរបស់មនុស្ស គឺច្រើនធ្វើអ្វីតាមការនិយមទូទៅ ហើយការរស់នៅប្រចាំថ្ងៃ ភាគច្រើនមិនសូវចាប់អារម្មណ៍លើចំណុចលម្អិត និងមើលឃើញបញ្ហាប៉ុន្មាននោះទេ។ ចំពោះអ្នកមានសមត្ថភាពភាគច្រើន តែងសង្កេតមើលឃើញអ្វីៗ ដែលតម្រូវការឱ្យមានដំណោះស្រាយ និងឱកាសសម្រាប់ផ្លាស់ប្ដូរសង្គមឱ្យកាន់តែប្រសើរ។ លើសពីនេះ តែងមានគំនិតច្នៃប្រឌិត ភាពក្លាហាន ហ៊ាន និងចេះចែករំលែក ចង្អុលបង្ហាញនូវចក្ខុវិស័យសម្រាប់ពិភពលោកឱ្យស្រស់បំព្រង។
លម្ហែទាំសុខភាព
សុភាសិតមួយបានពោលថា «ការពារប្រសើរជាងព្យាបាល» ពេលស្ថិតក្នុងដំណាក់កាលនៃការខិតខំប្រឹងប្រែង ដើម្បីសម្រេចគោលដៅ យើងគប្បីដាច់ខាតយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្ត និងផ្លូវកាយឱ្យបានល្អ តាមរយៈការធ្វើលំហាត់ប្រាណ សម្រាកពីការងារលម្ហែអារម្មណ៍ ការជ្រើសរបបអាហារ បរិភោគអាហារ ដែលមានប្រយោជន៍ គេងឱ្យបានគ្រប់គ្រាន់ជាដើម។