បង្កើតឡើងក្នុងឆ្នាំ២០០៤ និងចុះបញ្ជីជាផ្លូវការក្នុងឆ្នាំ២០០៥ មូលនិធិ ម៉េងលី ជេ. គួច ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលបានធ្វើសកម្មភាពផ្នែកមនុស្សធម៌ និងសប្បុរសធម៌ក្នុងសង្គមជាច្រើន ដោយមិនប្រកាន់ពេលវេលា ទីកន្លែង និងនិន្នាការអ្វីឡើយ។ នេះជាការឱ្យដឹងដោយពីលោក សែម សំអាន ប្រធានគ្រប់គ្រងគម្រោងមូលនិធិ។
ប្រធានគ្រប់គ្រងគម្រោងរូបនេះ បានបន្តថា គិតចាប់តាំងពីបើកដំណើរការរហូតមកទល់នឹងចុងឆ្នាំ២០១៩ មូលនិធិ បានចំណាយកម្លាំង និងថវិកាប្រមាណ៥,៣៥០,០០០ ដុល្លារសហរដ្ឋអាមេរិក ក្នុងសកម្មភាពមនុស្សធម៌ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ នៅតាមបណ្ដាខេត្តនានា។ ក្នុងនោះមិនថាកុមារកំព្រា ចាស់ជរា ជនគ្មានទីពឹង និងប្រជាពលរដ្ឋខ្វះទីលំនឹងនៅតាមបណ្ដាសហគមន៍នានាស្ទើរគ្រប់ខេត្តក្រុង ជាពិសេសជនដែលងាយរងគ្រោះពីបញ្ហាផ្សេងៗ ដោយនាំយកសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ឬថវិកាដើម្បីឧបត្ថម្ភដល់ជនទាំងនោះ។
លើសពីនេះទៀត ក៏មានសកម្មភាពដឹកនាំក្រុមវេជ្ជបណ្ឌិតជំនាញៗ ចុះពិនិត្យសុខភាព រួមទាំងព្យាបាលជំងឺដោយឥតគិតថ្លៃ និងផ្តល់សេវាអប់រំជូនដល់ប្រជាពលរដ្ឋក្នុងសង្គមទៅតាមលទ្ធភាពផងដែរ។ ស្របជាមួយគ្នានេះមូលនិធិម៉េងលី ជេ. គួច ក៏បានឧបត្ថម្ភជាសាលារៀន ឧបដ្ឋានសាលា ព្រះវិហារ ផ្លូវថ្នល់ អណ្តូងទឹក អាងស្តុបទឹក តបណ្តាញទឹកស្អាត បង្គន់អនាម័យ ឬសម្ភារៈចាំបាច់បំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។
បើតាមលោក សែម សំអាន មូលនិធិម៉េងលី ជេ. គួច បានចូលរួមជាមួយរដ្ឋាភិបាលក្នុងពេលមានគ្រោះមហន្តរាយ ព្រមទាំងផ្ដល់ជំនួយសង្រ្គោះអ្នកជំងឺមហារី ឬជំងឺដំណាក់កាលចុងក្រោយ និងបានផ្តល់អាហារូបករណ៍ដល់សិស្សខ្វះខាតផងដែរ។
ជុំវិញបញ្ហានេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នាយកប្រតិបត្តិនៃមូលនិធិ ម៉េងលី ជេ. គួច និងជាបុគ្គលមួយរូបដែលមានភាពលេចធ្លោក្នុងកិច្ចការសង្គម រួមទាំងមនុស្សធម៌ផងនោះ បានលើកឡើងថា «ក្នុងនាមជាសហគ្រិនល្អ និងក្នុងនាមជាអ្នកធ្វើអាជីវកម្មដែលទទួលបានផលប្រយោជន៍ពីសង្គមយើងត្រូវចាំថា បើយើងប្រមូលផលចំណេញពីសង្គមណា យើងត្រូវដាក់ផលទៅឱ្យសង្គមនោះវិញ ពោលគឺចេះបរិច្ចាគដល់សង្គមតាមរយៈកិច្ចសប្បុរសធម៌ជាដើម។»
ទាំងនេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា លោកឧកញ៉ាពិតជាបានព្យាយាមយ៉ាងខ្នះខ្នែងក្នុងការជួយនឹងឈឺឆ្អាលដល់សង្គម ដល់ប្រជាជនខ្មែររួមឈាមយ៉ាងពេញដៃពេញជើង។
លោកឧកញ៉ាបញ្ជាក់ថា បើតាមម្រោងមូលនិធិដែលបានបង្កើតឡើង មានចំនួន២០គម្រោងធំៗ ដែលក្នុងនោះរួមមានគម្រោងសង់សាលារៀនតាមមូលដ្ឋាន, គ្លីនិកចល័ត, ផ្ដល់អាហាររូបកណ៍, ពានរង្វាន់, ធនាគារអាហារ, សេវាកម្មសុខភាព, សេវាកម្មសហគមន៍, សង្រ្គោះបាតុភូតធម្មជាតិ (គ្រោះទុរភិក្ស), បណ្ណាល័យចល័ត, ធនាគារផ្ដល់ឈាម ម៉េងលី ជេ. គួច, កង់១ ជីវិត១ ដើម្បីលើកស្ទួយការអប់រំកុមារ, គុណភាពការបង្រៀននិងការសិក្សា, គម្រោងឆ្លើយសង្គ្រោះបន្ទាន់ផ្នែកសុខភាព, គម្រោងគ្លីនិកចល័តវេជ្ជបណ្ឌិតគួច, មណ្ឌលថែទាំចាស់ជរា ម៉េងលី ជេ. គួច, គម្រោងសាងសង់ហេដ្ឋារចនាសុខាភិបាល, គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសហគមន៍,គម្រោងអំណោយសប្បុរសធម៌, គម្រោងបង្កើតអាជីវកម្មវៃឆ្លាត, គម្រោងសិក្ខាសាលាឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី, គម្រោងបង្ការគ្រោះមហន្តរាយ, គម្រោងឆ្លើយតបគ្រោះមហន្តរាយ និងគម្រោងភាពធននឹងជីវភាព។
វេជ្ជបណ្ឌិតប្រកបដោយទឹកចិត្តមនុស្សធម៌ ធ្លាប់ឆ្លងកាត់ការលំបាក ទុក្ខវេទនា និងភាពជូរចត់បំផុតក្នុងជីវិតរស់នៅតាំងពីកុមារភាពរូបនេះ បន្តថា «ការបរិច្ចាគ ការធ្វើបុណ្យមិនមែនត្រឹមតែជាសកម្មភាពមនុស្សធម៌តែប៉ុណ្ណោះទេ តែវាក៏សកម្មភាពដែលបានផ្តល់ផលប្រយោជន៍ដល់សង្គមទាំងមូលក្នុងរយៈពេលវែងផងដែរ»។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះ មូលនិធិសប្បុរសធម៌របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានធ្វើសកម្មភាពចុះទៅមូលដ្ឋានផ្ទាល់រាប់សិបលើកមកហើយ ហើយនឹងបានជួយសម្រួលដល់ការលំបាករបស់ប្រជាជនខ្មែរបានយ៉ាងច្រើនក្រាស់ក្រែលណាស់ដែរ។ មិនតែប៉ុណ្ណោះ មូលនិធិសប្បុរសធម៌ដ៏លេចធ្លោមួយនេះ នៅតែបន្តសកម្មភាពយ៉ាងសស្រាក់សស្រាំនេះ ដើម្បីជួយដល់ប្រជាពលរដ្ឋដោយពុំគិតពីថវិកា ភាពហត់នឿយ និងពេញដោយក្ដីរីករាយ…៕