សិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង ចំនួនបួនរូប បានឈ្នះការប្រកួតគំនូរពីមហោស្រពសិល្បៈថ្នាក់មធ្យមសិក្សាអន្តរជាតិ ឆ្នាំ២០២០ ក្នុងកម្រិតជាតិកម្ពុជា ក្នុងចំណោមបេក្ខជនប្រមាណ៥០នាក់មកពីសាលាផ្សេងៗនៅក្នុងរាជធានីភ្នំពេញ។ លទ្ធផលនេះប្រព្រឹត្តិទៅកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ នៅសាកលវិទ្យាល័យកម្ពុជា។
អ្នកស្រី ប៉ែន មាលតី ចាងហ្វាងមធ្យមបឋមភូមិ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានអះអាងថា សិស្សដែលទទួលបានជ័យលាភីទាំង៤រូប នោះរួមមានលេខ១ បានទៅលើយុវតី ឡាយ យូមាសម៉ានិត, លេខ២ យុវជន ឡាវ រិទ្ធិសក្តិ, លេខ៣ យុវតី លី មុន្នីរចនា, និងលេខ៤ បានទៅលើយុវជន អ៊ឹង ថាវរិន្ទ។
អ្នកស្រី បានថ្លែងដោយភាពរីករាយនិងមោទនភាពថា «ក្នុងនាមខ្ញុំ ជាចាងហ្វាងទទួលបន្ទុកចំពោះការប្រកួតនេះ គឺពិតជាមានមោទនភាព និងសប្បាយរីករាយជាខ្លាំងចំពោះស្នាដៃសិស្សដែលបានទទួលជ័យលាភី ពីលេខ១ដល់លេខ៤នេះ»។
អ្នកស្រីបន្តថា សិស្សានុសិស្សដែលទទួលបានជ័យលាភីនោះទៀតសោត ពួកគេពិតជាមានគំនិតច្នៃប្រឌិតខ្ពស់ និងមានការយល់ដឹងទូលំទូលាយទៅលើបញ្ហាបរិស្ថានរបស់មនុស្សជាតិ ដែលកំពុងរស់នៅលើភពផែនដី ហើយចំពោះរូបភាពនៅក្នុងគំនូរនីមួយៗនោះ ពិតជាបានបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅក្នុងន័យអប់រំដល់មនុស្សទូទាំងពិភពលោក គ្រប់ស្រទាប់វណ្ណៈឱ្យចេះរួមគ្នាការពារថែរក្សាបរិស្ថានធម្មជាតិ ឱ្យបានល្អជៀសវាងការបំពុលបរិយាកាស ដែលអាចនាំមកនូវហានិភ័យដល់មនុស្សជាតិនា ពេលបច្ចុប្បន្ន និងអនាគត។
ផ្ដល់កិច្ចសម្ភាសដល់អ្នកសារព័ត៌មាន The Intercon Rooster យុវតី ឡាយ យូមាសម៉ានិត សិស្សថ្នាក់ទី១១ និងជាម្ចាស់ជ័យលាភីលេខ១លើការប្រកួតផងនោះ បានរៀបរាប់ថា «ខ្ញុំពិតជាមានក្តីរំភើប និងមានមោទនភាពចំពោះខ្លួនឯងជាខ្លាំង ដែលអាចទទួលបានជ័យលាភី ដែលពុំនឹកស្មានដល់នេះ ហើយវាជាឱកាសដ៏ល្អមួយសម្រាប់ខ្ញុំអភិវឌ្ឍន៍សិល្បៈគំនូរទៅថ្ងៃអនាគត ទៀតសោតការប្រកួតនេះ គឺផ្តល់បទពិសោធន៍យ៉ាងច្រើនដល់ខ្ញុំ»។
ទោះយ៉ាងណាគណៈកម្មាការបានស្វ័យសម្រេចជ្រើសរើសសិស្សលេខ១តែម្នាក់ប៉ុណ្ណោះ ដើម្បីមានឱកាសទៅទស្សនកិច្ចសិក្សានៅប្រទេសជប៉ុនចំនួន៣ថ្ងៃ និងមានឱកាសយកស្នាដៃរបស់ខ្លួនទៅបង្ហាញពីអត្ថន័យនៅទីនោះទៀតផង ហើយទាំងនេះបានបង្ហាញថា ស្នាដៃកូនខ្មែរ គឺពិតជាមិនចាញ់ស្នាដៃបរទេសនោះឡើយ៕