អត្ថបទ៖ វណ្ណៈ ណូបល ហ៊្សូលី
យុវជនស្ម័គ្រចិត្តចង្កឹះចម្រុះ ជាក្រុមយុវជនដែលបង្កើតឡើងដោយសិស្សានុសិស្ស នៃសាលារៀន អន្ដរទ្វីប អាមេរិកាំង ក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តយុវជនឱ្យចូលរួមការងារស្ម័គ្រចិត្តក្នុងសកម្មភាពសប្បុរសធម៌ ដើម្បីជាទុនក្នុងការអភិវឌ្ឍខ្លួន និងជាផ្នែកតូចមួយជួយសង្គមជាតិ។
យុវជនស្ម័គ្រចិត្តចង្កឹះចម្រុះមានសមាជិកទាំងអស់៣៩រូប នៅថ្ងៃទី១៩ ខែមករា កាលពីពេលកន្លងទៅ បានបើកកិច្ចប្រជុំមួយ ស្ដីពីផែនការនិងគម្រោងការងារ ជំនាន់ទី២ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ក្នុងគោលបំណងសំខាន់មួយនេះ គឺដើម្បីរឹតបន្តឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងសមាជិកក្នុងក្រុម និងជាពិសេសដើម្បីពង្រឹងសមត្ថភាពការងាររបស់សមាជិកក្នុងក្រុមឱ្យកាន់តែមានភាពប្រសើរឡើង។
ពួកគេបានលើកឡើងថា ធាតុសំខាន់នៃការចូលរួមការងារស្ម័គ្រចិត្តជាមួយនឹងក្រុមយុវសិស្សស្ម័គ្រចិត្តចម្រុះ គឺផ្ដោតសំខាន់ទៅលើការលះបង់ ការឱ្យតម្លៃ និងការផ្ដល់កម្លាំងចិត្ត ដើម្បីសហការគ្នាធ្វើការងារស្ម័គ្រចិត្តនានា ដើម្បីជាប្រយោជន៍ និងចំណេះដឹងសម្រាប់យើងទាំងអស់គ្នា ដូចជាក្នុងពិធីរំលឹកគុណគ្រូ និងពិធីកម្សាន្តប្រចាំឆ្នាំទៅខេត្តសៀមរាប ជាពិសេសកម្មវិធីសប្បុរសធម៌។
ពួកគេបន្តថា ក្រុមយុវជនស្ម័គ្រចិត្តចង្កឹះចម្រុះបានចូលរួមរៀបចំកម្មវិធីនានាជាច្រើនទាំងក្នុងសាលារៀន និងនៅក្នុងសង្គម ក្នុងនោះមានដូចជាកម្មវិធីទិវាវប្បធម៌ជាតិ សិក្ខាសាលាអប់រំ កម្មវិធីរាត្រីស្រមោលស AIS ពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ព្រមទាំងកម្មវិធីជាច្រើនផ្សេងទៀត។
ជាមួយនឹងគ្នានេះ ក្រុមយុវជនស្ម័គ្រចិត្តចង្កឹះចម្រុះនេះ ក៏បានចូលរួមសហការរៀបចំកម្មវិធីដ៏ធំមួយ គឺកម្មវិធីទិវាបេតិកភណ្ឌជាតិ លើកទី៤ នៅក្នុងឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់អ្នកឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកា ក្រុមហ៊ុនហេងអភិវឌ្ឍន៍និង លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃព្រមទាំងវត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិនិងអន្តរជាតិជាច្រើនរូប។
យុវសិស្ស ទ្រី គីមប៉ សិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក និងជាប្រធានផ្នែក Entertainment នៃក្រុមយុវជនស្ម័គ្រចិត្តចង្កឹះចម្រុះជំនាន់ទី២ បានសម្ដែងអារម្មណ៍រីករាយថា ការឆ្លៀតយកពេលវេលាខ្លះចូល រួមកិច្ចការសង្គម គឺជារឿងល្អ ព្រោះការងារស្ម័គ្រចិត្តទទួលបានបទពិសោធ បានស្គាល់មិត្តភក្ដិហើយ ផ្ដល់ផល ប្រយោជន៍ដល់ សង្គម។
យុវសិស្ស គីមប៉ បានថ្លែងយ៉ាងដូច្នេះ៖ “ការ ចូលរួមក្នុងក្រុមយុវជនស្ម័គ្រចិត្តនេះពិតជាបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់ សិស្សានុសិស្សដែលជាសមាជិកនៅក្នុងក្រុមមួយនេះ ជាពិសេសអាចជួយឱ្យពួកគេយល់ដឹងកាន់តែច្បាស់អំពីរបៀប សម្រេចកិច្ច ការងារជាក្រុម ការប្រាស្រ័យទាក់ទងគ្នា ក៏ដូចជារបៀបរបប នៃការធ្វើការងារផ្សេងៗជាដើមផងដែរ”។
ស្រដៀងគ្នានេះ យុវសិស្ស វណ្ណៈ ណូបល ហ៊្សូលី សិស្សថ្នាក់ទី១១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក និងជាសមាជិកមួយរូបនៅក្នុងក្រុមយុវជនស្ម័គ្រចិត្តចង្កឹះចម្រុះជំនាន់ទី២ដែរនោះ ជឿជាក់យ៉ាងមុតមាំថា សកម្មភាពក្រោយៗរបស់ពួកគេពិតជាអាចចូលរួមចំណែកក្នុងការអភិវឌ្ឍក្រុមយុវជនស្ម័គ្រចិត្តនេះបានកាន់តែរីកចម្រើនឡើង និងកាន់តែល្បីឈ្មោះសុះសាយពីមួយជំនាន់ទៅមួយជំនន់។
គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានកោតសរសើរដល់ក្រុមយុវជនស្ម័គ្រចិត្តចង្កឹះចម្រុះថា ជាធនធានពោរពេញដោយសមត្ថភាព ក្លាហាន ឈ្លាសវៃ និងសកម្មបំផុតក្នុងកិច្ចការសង្គម ជាពិសេសសកម្មភាពសប្បុរសធម៌នៅកម្ពុជា។
បើតាមគណៈគ្រប់គ្រងសាលារៀនដែលល្បីខាងវិន័យដ៏តឹងរ៉ឹងមួយនេះ សិស្សានុសិស្សបច្ចុប្បន្ននេះបានចូលរួមប្រឡូកការងារសង្គម មនុស្សធម៌ ហើយខ្លះទៀតបានមូលមតិគ្នាបង្កើតឡើងដោយក្រុមយុវសិស្ស និងយុវជនស្ម័គ្រចិត្តផ្សេងៗ ដោយពួកគេយល់ថា ការងារទំាងអស់នោះ គឺជាការឆ្លៀតពេលវេលាដើម្បីចូលរួមសកម្មភាពក្នុងសាលារៀន និងសង្គមខាងក្រៅ ដូចក្រុមយុវជនស្ម័គ្រចិត្តចង្កឹះចម្រុះជាឧទាហរណ៍ស្រាប់៕