អត្ថបទ៖ ម៉ម មុនីទេព
ថ្លែងនៅចំពោះមុខបុគ្គលិកសិក្សា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ប្រមាណ៤០០នាក់ នៅក្នុងកិច្ចទម្រង់ទិសត្រៀមវគ្គសិក្សាថ្មី៦៤ ឆ្នាំទី១៦ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ លោកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យខេសិន បានលើកឡើងថា ទន្ទឹមនឹងការពង្រីកវិសាលភាពនៃគ្រឹះស្ថានអប់រំរបស់លោក លោកនឹងកែទម្រង់កម្មវិធីសិក្សារបស់សាលារៀន អន្តរទ្វីប អាមេរិកាំង ដោយការដាក់ឱ្យរៀនពេញមួយថ្ងៃ។ គម្រោងសាកល្បងនេះ នឹងចាប់ផ្ដើមអនុវត្តនៅសាខាសែនសុខមុនគេ។
លោកឧកញ៉ា គួច ម៉េងលី បានបញ្ជាក់ថា ការរៀបចំកម្មវិធីសិក្សាដូច្នេះ គឺដើម្បីបន្តពង្រឹងសាលារៀន អន្តរទ្វីប អាមេរិកាំង ឱ្យកាន់តែមានគុណភាពនិងលទ្ធផលល្អបន្ថែមមួយកម្រិតទៀត។ លោកមានប្រសាសន៍ថា សាលារៀន អន្តរទ្វីប អាមេរិកាំង របស់លោកជាសាលាចំណេះទូទៅឈានមុខគេមួយនៅកម្ពុជា ទាំងគុណភាព វិន័យ និងសេវាកម្ម ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា។
លោកឧកញ៉ា បានលើកឡើងថា ក្រោយពីបញ្ចប់ការសាងសង់ និងបើកដំណើរការជាស្ថាពរនាពេលខាងមុខនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ នឹងក្លាយទៅជាសាលាដំបូងរបស់ AIS ដែលមានកម្មវិធីសិក្សាសម្រាប់ចំណេះដឹងទូទៅពេញមួយថ្ងៃ ស្របទៅតាមប្រព័ន្ធអប់រំស្តង់ដារអន្តរជាតិ ដែលជាតម្រូវការរបស់ឪពុកម្តាយ និងសម្របតាមគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា។
សម្រាប់លោកឧកញ៉ា គួច ម៉េងលី ដើម្បីឱ្យគុណភាពអប់រំកាន់តែរីកចម្រើនទាមទារឱ្យមានការប្ដូរកម្មវិធីសិក្សាដោយសិស្សត្រូវរៀនពេញមួយថ្ងៃ ពោលគឺចូលរៀននៅម៉ោង៨ព្រឹក ហើយចេញម៉ោង៣រសៀល និងរៀនចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ។ សម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ គឺជាពេលវេលាដែលឪពុកម្ដាយគេនាំកូនទៅដើរកម្សាន្ត ទៅមើលកុន ទៅសារមន្ទីរ ឬទៅឡើងភ្នំមើលទេសភាពធម្មជាតិ ដើម្បីបណ្ដុះផ្នត់គំនិតកូនរបស់ពួកគេឱ្យស្រឡាញ់ធម្មជាតិ និងចេះថែរក្សាធម្មជាតិ។ ចំណែកគ្រូបង្រៀនគ្រប់រូបចាត់ទុកសិស្សប្រៀបដូចជាកូនរបស់ខ្លួន និងយកចិត្តទុកដាក់បង្រៀនពួកគេឱ្យអស់ពីសមត្ថភាពដោយកុំលាក់លៀមបៀមចំណេះនោះឡើយ៕