សិស្សឆ្នើម សាលរៀន អន្តរទ្វីប អាមេរិកាំង ចំនួនពីររូប ម្នាក់ឈ្មោះ យុវតី ម៉ាក់ ហេងគង្គារ មានអាយុ១៦ ជាអតីតបេក្ខជនជ័យលាភីសិស្សឆ្នើមទូទាំងប្រទេសផ្នែករូបវិទ្យា កម្រិតមធ្យមសិក្សាបឋមភូមិ និងម្នាក់ទៀតឈ្មោះ ជៀប ជាលីនដា ទទួលបានអាហារូបករណ៍អាស៊ានឆ្នាំ២០២០ បន្ដការសិក្សានៅប្រទេសសិង្ហបុរី រយៈពេល៤ឆ្នាំ។
ការទទួលបានអាហារូបករណ៍នេះ តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់ពីបេក្ខជន២៣រូប បានដាក់ពាក្យប្រឡងលើផ្នែកវិជ្ជាគណិតវិទ្យា ភាសាអង់គ្លេស និងចំណេះទូទៅ ហើយក្នុងចំណោមនោះមានតែយុវតី៣នាក់ប៉ុណ្ណោះ ដែលជាប់បានអាហារូបករណ៍នេះ។
នេះមិនមែនជាលោកទី១ នោះទេ ដែលសាលារៀន អន្តរទ្វីប អាមេរិកាំង បើកឱកាសឱ្យសិស្សបានចូលរួមប្រឡងសិស្សពូកែនានាទូទាំងក្នុង និងនៅក្រៅប្រទេស។
ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា លោក Michael Tan បានលើកឡើងថា អាហារូបករណ៍អាស៊ានត្រូវបានប្រគល់ឱ្យបេក្ខជនដោយផ្អែកលើលក្ខណៈវិនិច្ឆ័យយ៉ាងតឹងតែងនិងច្បាស់លាស់ ហើយត្រូវបានវាស់ស្ទង់ដោយលទ្ធផលនៃការសិក្សារបស់បេក្ខជនអាស៊ាននៅក្នុងឆ្នាំសិក្សានេះ។
លោកបញ្ជាក់ថា សិង្ហបុរីបានប្តេជ្ញាចិត្តនឹងបន្តភាពជាដៃគូរបស់ខ្លួនជាមួយនឹងកម្ពុជាលើការកសាងសមត្ថភាព ជាពិសេសការកសាងធនធានមនុស្សនិងវិស័យអប់រំ។
លោកបន្ថែមថា “អាហារូបករណ៍អាស៊ានគឺគន្លឹះមួយសម្រាប់ឈានទៅរកឱកាសនៃភាពជោគជ័យ ហើយការសិក្សារបស់បេក្ខជននាពេលអនាគត នឹងពិតជាមានឧបសគ្គច្រើន ដែលតម្រូវឱ្យបេក្ខជនត្រូវតែខិតខំរៀនសូត្រ ដើម្បីប្រកួតប្រជែងជាមួយសិស្សពូកែៗ នៅក្នុងថ្នាក់ របស់ពួកគេ ក៏ដូចនៅក្នុងជំនាន់ជាមួយពួកគេផ្ទាល់”។
លោក យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការជាប់ជ័យលាភីអាហារូបករណ៍អាស៊ាន ឆ្នាំ២០២០ ទៅសិក្សានៅសិង្ហបុរី របស់យុវតីកម្ពុជាទាំង៣រូបនេះ គឺជាការសិក្សាមួយឆ្លើយតបនឹងសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ ឬការសិក្សាសម័យទំនើបជឿនលឿន។ លោក យក់ ង៉ុយ ចាត់ទុកថា ការអប់រំបែបទំនើបនឹងធ្វើឱ្យសិស្សកាន់តែពូកែ ហើយនៅពេលដែលសិស្សពូកែមានប្រជាពលរដ្ឋល្អដែលនឹងធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនផងដែរ។
សូមបញ្ជាក់ថា សិស្សដែលជាប់អាហាររូបករណ៍ទៅរៀននៅប្រទេសសិង្ហបុរី មានយុវតី ជៀប ជាលីនដា យុវតី ហួត ឈីវហ្កិច និងយុវតី ម៉ាក់ ហេងគង្គារ។ ទោះយ៉ាងណាក៏ដោយ បើតាមមន្រ្ដីស្ថានទូតសិង្ហបុរីប្រចាំនៅកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ មានបេក្ខជនចំនួន៨នាក់ដែលទទួលបានជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសសិង្ហបុរី ក្នុងនោះមានបេក្ខជន៣រូបក្នុងឆ្នាំ២០១៦ មាន២រូបក្នុងឆ្នាំ២០១៧ និង៣រូបក្នុងឆ្នាំ២០១៨៕