មជ្ឍមណ្ឌលភាសា អេ អាយ អាយ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ បានបើកវគ្គតម្រង់ទិសលោកគ្រូ អ្នកគ្រូប្រមាណជាង ៣០០នាក់ សម្រាប់វគ្គសិក្សាថ្មី ទី៦៣ ឆ្នាំទី១៥ ក្រោមអធិបតីភាពរបស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។
វគ្គតម្រង់ទិសសម្រាប់វគ្គសិក្សាថ្មីនេះ រៀបចំឡើងដើម្បីរឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាព និងបង្កើនទំនាក់ទំនងឱ្យកាន់តែប្រសើរឡើង រវាងលោកគ្រូអ្នកគ្រូ មកពីបណ្ដាសាខានានា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ពិសេសផ្ដោតសំខាន់លើគុណភាពបង្រៀនសិស្សរបស់លោកគ្រូអ្នកគ្រូ។
ក្នុងឱកាសនោះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍សំណះសំណាលច្រើនជាមួយនឹងលោកគ្រូអ្នកគ្រូ ទាក់ ទងទៅនឹងការបង្រៀនសិស្សដោយរីករាយ និងទទួលបានលទ្ធផលគុណភាពអប់រំល្អប្រសើរនៅក្នុងជីវិត។ ពិសេសការបង្កើតមិត្តភាព បង្កើតការចែករំលែកនូវវប្បធម៌ក្នុងសាលារៀនឱ្យមិត្តភក្តិបានដឹងបានយល់។
លោកឧកញ៉ាបានជំរុញឱ្យលោកគ្រូអ្នកគ្រូបង្កើតទិវាចែករំលែកវប្បធម៌នៅក្នុងសាលារៀនភាសាបរទេសរបស់លោក ដូចជាអាហារប្រចាំប្រទេស ឬក៏បង្ហាញអំពីវប្បធម៌ផ្សេងៗ មានរបាំប្រពៃណីទៅមិត្តអ្នកទាំងអស់គ្នា គឺដូចជា ទិវាវប្បធម៌ប្រទេសក្នុងទ្វីបអ៊ឺរ៉ុប ឬហ្វីលីពីន ហើយការបង្កើតកម្មវិធីនេះឡើង វាធ្វើឱ្យកាន់តែមានភាពជិតស្និទ្ធជាមួយគ្នាថែមទៀត ហើយវាគឺជាទិវាបង្ហាញពីអត្តសញ្ញាវប្បធម៌ប្រទេសនីមួយៗ ដែលអាចឱ្យសិស្សយើងបានដឹងបានចូលរួម។
សូមជម្រាបថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ របស់លោកឧកញ៉ា គួច ម៉េងលី គឺជាគ្រឹះស្ថានអប់រំឯកជនមួយ ដែលផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាលភាសាបរទេស មានភាសាអង់គ្លេស ភាសាចិន ភាសាថៃ ប្រកបដោយគុណភាពនៅកម្ពុជា។ បច្ចុប្បន្នមជ្ឈមណ្ឌលភាសា អេ អាយ អាយ មាន៦ទីតាំង នៅម៉ៅសេទុង ទួលគោក ចាក់អង្រែ ចោមចៅ តំបន់ផ្សារថ្មី និងតំបន់ជ្រោយចង្វារ៕