ដើម្បីបំពេញតម្រូវការសិស្សានុសិស្ស និងលើកស្ទួយវិស័យអប់រំ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរីកចម្រើន និងប្រសើរឡើងនោះ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបន្តសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាជ្រោយចង្វារ មួយបន្ថែមទៀត បន្ទាប់ពី Aii & AIS សាខាចោមចៅ និងសាខាផ្សារថ្មី ក្នុងឆ្នាំ២០១៩។
បើតាមលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន និងមហាជនយ៉ាងច្រើនកុះករក្នុងពិធីសម្ពោធអគារសិក្សានេះថា ដោយសារភាពល្បីល្បាញ និងការសំណូមពរពីមហាជនយ៉ាងផុសផុលនោះ បន្ទាប់ពីសាខាជ្រោយចង្វារនេះ លោកឧកញ៉ា នឹងបន្តពង្រីកសក្ដានុពលរបស់ Aii & AIS ឱ្យបានទូទាំងខណ្ឌក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តទូទាំងប្រទេសបន្ថែមទៀត។
ម្ចាស់គ្រឹះស្ថានអប់រំដ៏ល្បីល្បាញរូបនេះ បានបញ្ជាក់ថា បន្ទាប់ពីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សានៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារនេះ លោកឧកញ៉ា នឹងបន្តឆ្ពោះទៅតំបន់គោលដៅជាចម្បងបន្តបន្ទាប់ទៀត។ ក្នុងនោះ គោលដៅសក្ដានុពល ដែលបានគ្រោងទុករួចជាស្រេចបន្ទាប់ពីសាខាជ្រោយចង្វារនេះរួមមាន សាខាសែនសុខ ទួលសង្កែ ច្បារអំពៅ ចំការដូង និងតំបន់ក្នុងខេត្តបាត់ដំបង។
ក្រៅពីគម្រោងទាំង៥ ខាងលើនេះ ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដដែលបានបង្ហើបប្រាប់ឱ្យដឹងថា យុទ្ធសាស្ត្របន្ទាប់ទៀតនោះ គឺឆ្ពោះទៅសាខាទឹកថ្លា ទេពផន ភ្នំពេញថ្មី ព្រែព្នៅ ព្រមទាំងហក់ទៅខេត្តកំពង់ស្ពឺ កំពង់ចាម និងខេត្តសៀមរាប ជាបន្តបន្ទាប់ទៀត។
ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានសួរថា ហេតុអ្វីបានជាជ្រើសសាខាជ្រោយចង្វារ ជាគោលដៅអាទិភាពនោះ លោកបានឱ្យដឹងថា ក្រៅពីសំណូមពរពីអាណាព្យាបាលសិស្ស និងសិស្សានុសិស្ស និងគាំទ្រច្រើននៅក្នុងតំបន់នេះ។ ជ្រោយចង្វារ ក៏ជាតំបន់ពោរពេញទៅដោយសេដ្ឋកិច្ចរីកចម្រើន បរិស្ថានល្អ មានសុវត្ថិភាព និងងាយស្រួលដល់ការធ្វើដំណើរ និងការសិក្សារបស់សិស្សនៅក្នុងតំបន់នេះទាំងមូលផងដែរ។
ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សានេះ សម្រាប់មជ្ឈមណ្ឌលភាសា អេ អាយ អាយ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានផ្ដល់អាហារូបករណ៍រហូតដល់៥០% ដល់សិស្សានុសិស្សម្នាក់ៗ ដែលទៅចុះឈ្មោះសិក្សាចាប់ពី៤នាក់ ក្នុងពេលតែមួយ។
លើសពីនេះ ៣៥% សម្រាប់សិស្សានុសិស្សម្នាក់ៗ ទៅចុះឈ្មោះ ចាប់ពី៣នាក់ ក្នុងពេលតែមួយ និង ២៥% សម្រាប់សិស្សានុសិស្សម្នាក់ៗ ទៅចុះឈ្មោះចូលរៀន ចាប់ពី២នាក់ ក្នុងពេលតែមួយ។
សម្រាប់ សាលារៀន អន្តរទ្វីប អាមេរិកាំង លោកឧកញ៉ា វេជ្ជបណ្ឌិត បានផ្ដល់អាហារូបករណ៍រហូតដល់២៥% សម្រាប់សិស្សម្នាក់ៗពេលចុះឈ្មោះ៤នាក់ឡើងក្នុងពេលតែមួយ។
ក្រៅពីនេះ ២០% សម្រាប់សិស្សម្នាក់ៗពេលទៅចុះឈ្មោះ៣នាក់ ក្នុងពេលតែមួយ ហើយ១៥% សម្រាប់សិស្សម្នាក់ៗពេលទៅចុះឈ្មោះ២នាក់ ក្នុងពេលតែមួយ និង ១០% សម្រាប់សិស្សម្នាក់ៗ។
វគ្គសិក្សាថ្មី សម្រាប់មជ្ឈមណ្ឌលភាសា អេ អាយ អាយ ចាប់ផ្ដើមចូលរៀន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នេះតទៅ…
ចំពោះ សាលារៀន អន្តរទ្វីប អាមេរិកាំង បវេសនកាលថ្មី ឆ្នាំសិក្សា២០១៩-២០២០ ប្រព្រឹត្តិទៅនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នេះ។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ ជាគ្រឹះស្ថានអប់រំទី៦ បន្ទាប់ពីសាខាផ្សារថ្មី ចោមចៅ ចាក់អង្រែ ទួលគោក និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ ផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាលភាសាបរទេស ជាចម្បង។ ក្នុងនោះរួមមានភាសាអង់គ្លេស ភាសាចិន និងភាសាថៃ ព្រមទាំងមានវគ្គបណ្ដុះបណ្ដាល Diploma in Business English វគ្គបណ្ដុះបណ្ដាល TESOL ថ្នាក់ត្រៀមប្រឡង TOEFL និងជំនាញកុំព្យូទ័រផងដែរ។
ចំពោះ សាលារៀន អន្តរទ្វីប អាមេរិកាំង ផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាលថ្នាក់ចំណេះដឹងទូទៅ ចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ។
សូមជម្រាបថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ត្រូវបានបង្កើតឡើងដោយលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៅក្នុងឆ្នាំ២០០៥ ដែលមានសិស្សានុសិស្សត្រឹមតែ៤នាក់ តែរហូតដល់បច្ចុប្បន្ននេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ចំនួនសិស្សកើនឡើងជាង១,២០០០នាក់ និងកំពុងល្បីល្បាញទាំងថ្នាក់ជាតិ និងអន្តរជាតិ។ នេះបើតាមគណៈគ្រប់គ្រងនៃមជ្ឈមណ្ឌល និងសាលារៀន៕
ថតដោយ៖ Vanlida Vang