កវីនិពន្ធវ័យក្មេងពីររូប នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ បានសម្ពោធសៀវភៅដែលជាស្នាដៃដំបូងរបស់ខ្លួន ក្នុងថ្ងៃតែមួយជាមួយគ្នា ក្រោមជ្រោមជ្រែងពីលោកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សា និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក្នុងគោលបំណងរួមចំណែកលើកកម្ពស់អក្សរសិល្ប៍ អក្សរសាស្ត្រ និងវិស័យតែងនិពន្ធ ដែលគេមើលឃើញថា ជាផ្នែកមួយដ៏សំខាន់ក្នុងការទ្រទ្រង់ និងផ្លាស់ប្ដូរពីភាពអវិជ្ជមានទៅរកភាពប្រសើរឡើងរបស់សង្គមជាតិ។
កវីនិពន្ធវ័យក្មេងពីររូប ដែលម្នាក់មានឈ្មោះ ហង្ស ពណ្ណរាយ បាននិពន្ធ និងសម្ពោធសៀវភៅមានចំណងជើងថា «ពេលមួយ ដែលខ្ញុំស្គាល់ដុកទ័រ គួច ម៉េងលី»។ សៀវភៅនេះមានកម្រាស់ជាង៣០០ទំព័រ ដែលលោកបាននិពន្ធជាពាក្យរាយ និយាយរៀបរាប់ពីខ្សែជីវិតពិតរវាងរូបលោកនិងលោកឧកញ៉ា គួច ម៉េងលី ដោយបានបញ្ចូលទាំងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តខ្មែរមួយចំនួន ក្នុងកំលុងដែលលោកបានចុះស្រាវជ្រាវពីខ្សែជីវិតពិត ដែលលោកឧកញ៉ា គួច ម៉េងលី បានឆ្លងកាត់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងសម័យធ្លាក់ភ្នំដងរែក។
លើកឡើងក្នុងពិធីសម្ពោធសៀវភៅនេះ លោក ហង្ស ពណ្ណរាយ បានបញ្ជាក់ថា ទម្រាំចេញជារូបរាងនូវសៀវភៅមួយចំណងជើងនេះ លោកបានចំណាយពេលស្រាវជ្រាវ និងសរសេរជាង៣ឆ្នាំ ទើបនិពន្ធចប់ ហើយនៅក្នុងសៀវភៅដដែលនេះ ក៏មានបញ្ចូលកម្រងទស្សនៈខ្លីៗស្ដីពីការលើកទឹកចិត្តឱ្យមានការប្រឹងប្រែងរៀនសូត្រ និងការតស៊ូក្នុងជីវិតជាប្រចាំ បញ្ជ្រាបពីការអភិរក្ស និងបណ្ដុះទឹកចិត្តឱ្យស្រឡាញ់នូវវប្បធម៌ អារ្យធម៌ ទំនៀមទម្លាប់ ប្រពៃណីខ្មែរ ជាពិសេស បណ្ដុះនូវវប្បធម៌ចែករំលែក។
ចំណែកកវីនិពន្ធវ័យក្មេងមួយរូបទៀត ឈ្មោះ អឿ ស៊ីណា បានតែងនិពន្ធសៀវភៅមួយជាពាក្យកាព្យ មានចំណងជើងថា «កម្រងកំណាព្យ វេជ្ជបណ្ឌិត និងខ្ញុំ»។ សៀវភៅនេះ មានកម្រាស់២២៨ទំព័រ និយាយពីព្រឹត្ដិការណ៍ នៃការធ្វើសកម្មភាពសប្បុរសធម៌ ការចែករំលែកចំណេះដឹង ការអភិវឌ្ឍផ្នត់គំនិតពីសំណាក់លោកឧកញ៉ា គួច ម៉េងលី។ ក្នុងនោះក៏មានការរៀបរាប់ពីដំណើរជីវិតអ្នកនិពន្ធ ដែលបានជួបប្រទះកន្លងមក ហើយបានបណ្ដុះនូវផ្នត់គំនិតអប់រំ ឱ្យកាន់តែក្លាហាន ចេះដឹងគុណ និងតស៊ូនៅក្នុងជីវិត។
លោក អឿ ស៊ីណា បានសម្ដែងនូវភាពជឿជាក់ថា កម្រងកំណាព្យនេះ ទោះតិចឬច្រើន ប្រាកដជាបានរួមចំណែកបណ្ដុះនូវសីលធម៌ ព្រមទាំងបណ្ដុំទស្សនៈខ្លីបែបអប់រំ គុណធម៌ ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ជាមួយនឹងគ្នានេះ លោកក៏បានលើកឡើងនូវបទពិសោធ និងជីវិតការងាររបស់អ្នកនិពន្ធ និងផលលំបាកក្នុងការតែនិពន្ធផងដែរ។
ទោះយ៉ាងណាក៏ដោយ អ្នកនិពន្ធវ័យក្មេងទាំងពីររូបនេះ បានលើកឡើងថា ប្រសិនបើគ្មានការផ្ដល់ឱកាស ជំរុញលើកទឹកចិត្តពីលោកឧកញ៉ា គួច ម៉េងលី ដែលជាអ្នកស្រឡាញ់លើវិស័យអក្សរសិល្ប៍ អក្សរសាស្ត្រ និងការតែងនិពន្ធទេ សៀវភៅទាំងពីរចំណងជើងនេះ ប្រហែលមិនបានចេញជារូបរៀងដូចពេលនេះឡើយ។
មានវត្តមាននៅក្នុងពិធីសម្ពោធសៀវភៅនេះដែរ លោកឧកញ៉ា គួច ម៉េងលី បានជំរុញលើកទឹកចិត្ត និងផ្ដល់ឱកាសដល់កូនខ្មែរឱ្យខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវឱ្យបានស៊ីជម្រៅ ហើយតែងនិពន្ធបង្កើតស្នាដៃនូវអត្ថបទល្អៗ ដើម្បីឱ្យអក្សរសាស្រ្ត អក្សរសិល្ប៍ខ្មែររីកចម្រើន ព្រោះថាបើយើងមិនខំប្រឹងដោយខ្លួនឯងទេ សង្គមជាតិរីកចម្រើនទៅមុខមិនរួចទេ ហើយក៏គ្មានបរទេសមកប្រឹងប្រែងដើម្បីយើងដែរ ប្រសិនបើគ្មានផលប្រយោជន៍ចំពោះពួកគេនោះ ដូច្នេះកុំសង្ឃឹមបរទេសពេក៕