លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ព្រមទាំងក្រុមសាច់ញាតិគ្រួសារ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ បានដឹកនាំក្រុមការងារសប្បុរសធម៌ ចែកអំណោយជាគ្រឿងឧបភោគ បរិភោគ ដល់ប្រជាសហគមន៍ដែលខ្វះខាត ចំនួន៣០០គ្រួសារ និងចែកកង់ចំនួន៧៧គ្រឿង រួមទាំងសម្ភារជាច្រើនផ្សេងទៀត ដល់សិស្សានុសិស្ស នៅសហគមន៍ចំនួន៥។ ក្នុងនោះរួមមានសហគមន៍សែនសប្បាយ សហគមន៍សែនរីករាយ សហគមន៍សែនសួស្តី សហគមន៍សែនពន្លឺ១ និងសហគមន៍សែនពន្លឺ២ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញចំណាយថវិកាអស់ប្រមាណ២០,០០០ដុល្លារ។
ក្នុងឱកាសធ្វើសកម្មភាពសប្បុរសធម៌នេះ ប្រជាពលរដ្ឋទាំងចាស់ ទាំងក្មេង បានសាទរ និងថ្លែងអំណរគុណចំពោះសកម្មភាពដ៏សប្បុរសរបស់លោកឧកញ៉ា និងក្រុមសាច់ញាតិ ដែលបានពួតដៃគ្នាបរិច្ចាគនូវគ្រឿងឧបភោគបរិភោគ ដោយក្នុងមួយគ្រួសារទទួលបានអង្ករមួយបាវ (៥០គីឡូក្រាម) កង់មួយ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនផ្សេងទៀត។ ចំណែកសិស្សានុសិស្សទទួលបានកង់មួយគ្រឿង ដើម្បីសម្រួលដល់ការសិក្សារបស់ពួកគេក្នុងការធ្វើដំណើរ។
អ្នកស្រី សួន សុភាព ជាប្រជាពលរដ្ឋ សហគមន៍សែនរីករាយ បានលើកឡើងថា ការឧបត្ថម្ភ និងការផ្ដល់ជូន បានជួយសម្រាលការលំបាករបស់របស់អ្នកស្រី និងប្រជាសហគមន៍ខ្វះខាតបានមួយចំណែក ព្រោះប្រជាសហគមន៍នៅទីនេះ ភាគច្រើនជាអ្នកជួបបញ្ហាជីវភាពខ្សត់ខ្សោយ រកបានព្រឹកខ្វះល្ងាច ហើយក្មេងៗមួយចំនួនធំមិនទទួលបានអប់រំនោះទេ។
លោកឧកញ៉ា គួច ម៉េងលី តាមរយៈក្រុមការងារមូលនិធិ របស់លោក បានបញ្ជាក់ថា បញ្ហាដែលប្រជាសហគមន៍លើកឡើងនេះ គឺជាអ្វីដែលលោកឧកញ៉ា គួច ម៉េងលី តែងតែខ្នះខ្នែងយកចិត្តទុកដាក់ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងដើម្បីអភិវឌ្ឍសង្គមកិច្ចជាមួយនឹងរាជរដ្ឋាភិបាល។
សូមជម្រាបជូនថា នេះមិនមែនជាលើកទី១នោះទេ ដែលលោកឧកញ៉ា គួច ម៉េងលី ធ្វើសកម្មភាពផ្នែកមនុស្សធម៌ និងសប្បុរសធម៌ក្នុងសង្គម ដោយមិនប្រកាន់ពេលវេលា ទីកន្លែង និងនិន្នាការអ្វីឡើយ។ ជាពិសេសលោកតែងតែចាត់ឱ្យក្រុមការងារមូលនិធិ ម៉េងលី ជេ. គួច យកចិត្តទុកដាក់មិនថាកុមារកំព្រា ចាស់ជរា ជនគ្មានទីពឹង និងប្រជាពលរដ្ឋខ្វះខាត នៅតាមបណ្ដាសហគមន៍នានា គ្រប់ខេត្តក្រុង ដោយនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ឬថវិកាដើម្បីឧបត្ថម្ភ និងដឹកនាំក្រុមវេជ្ជបណ្ឌិតជំនាញៗ ចុះពិនិត្យសុខភាព និងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋទាំងអស់នោះ តាមលទ្ធភាព៕