ក្នុងបទសម្ភាសន៍ក្រោមប្រធានបទស្ដីពី «ការប្រឈម និងឱកាសសម្រាប់សហគ្រិនកម្ពុជាវ័យក្មេង» កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ លោកឧកញ៉ា គួច ម៉េងលី បានផ្ដាំទៅយុវជនថា ការរកស៊ីមានឱកាសច្រើនណាស់ មិនយឺតទេ កុំតក់ក្រហល់ កុំទាន់ពុះកញ្ជ្រោល រកស៊ីតាមគេ ទាំងមិនទាន់រៀនចប់ ឬមិនទាន់មានចំណេះដឹងច្បាស់លាស់ គ្មានជំនាញ និងមិនទាន់មានបទពិសោធគ្រប់គ្រាន់ គឺអាចនាំធ្វើឱ្យបរាជ័យ។
លោកបញ្ជាក់ថា ការរកស៊ីបែបនេះ គឺជាការរកស៊ីទាំងប្រថុយប្រថាន ហើយនៅពេលចំណេញដណ្ដើមគ្នា នៅពេលខាតឈ្លោះប្រកែកទាស់ទែងផលប្រយោជន៍គ្នា បន្ទាប់មកធ្វើឱ្យយើងបាក់ទឹកចិត្ត ខាតពេលវេលា អស់ទាំងថវិកាទៅទទេៗ។
លោកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានប្រសាសន៍ទៀតថា មធ្យមភាគ នៃអ្នករកស៊ីនៅស្រុកគេ ចាប់ផ្តើមនូវអាយុ៤០ឆ្នាំឡើង ចំណែកយើងទើបតែ១៩ ទៅ២០ឆ្នាំសោះ ក៏ចាប់ផ្ដើមមានចិត្តចង់រកស៊ីតាមគេ ទាំងមិនទាន់ស្គាល់ពីអ្វីដែលហៅថា ទីផ្សារ អ្វី ជាតម្រូវការ របៀបផ្គត់ផ្គងបែបណា ហើយនៅពេលមានហានិភ័យត្រូវធ្វើម៉េច ដើម្បីកុំឱ្យការរកស៊ីមានការក្ស័យទុន។
មុនការរកទទួលទាន យើងត្រូវគិតផងដែរ អំពីថវិកាចាំបម្រុង ថវិកាចាយ ថ្លៃទឹក ថ្លៃភ្លើង ថ្លៃឈ្មួល ថ្លៃពន្ធ ព្រមទាំងថ្លៃផ្សេងៗជាច្រើនទៀត។ បើគ្រាន់តែចំណុចប៉ុណ្ណឹង យើងគិតមិនទាន់ដល់ផង បានប្រាក់ណាមកសាកួរ។ នេះនៅមិនទាន់និយាយដល់ម៉ាក្រូសេដ្ឋកិច្ច មីក្រូសេដ្ឋកិច្ច ច្បាប់នាំចេញនាំចូល ការគ្រប់គ្រង ការបង់តាក់ ការគ្រប់គ្រងថវិកា និងច្បាប់ទម្លាប់ផ្សេងៗជាច្រើនទៀតផង។ ទាំងអស់នេះ សុទ្ធតែត្រូវការឱ្យយើងរៀន ត្រូវការឱ្យយើងបទពិសោធ និងជំនាញជាដើម។
លោកសង្កត់ធ្ងន់ថា ចំណុចហានិភ័យក្នុងការរកទទួលទាន ដែលគ្រោះថ្នាក់បំផុត គឺថវិកា។ ទោះបើយើងមានថវិការគ្រប់គ្រាន់ហើយក៏ពិតមែន ក៏មិនប្រាកដថា ជោគជ័យដែរ ព្រោះការរកស៊ីអាចរលំរលាយ គឺបណ្ដាលមកពីធនធានមនុស្សផងដែរ។ ការមិនចេះជ្រើសរើស ការមិនចេះប្រើមនុស្សឱ្យត្រូវជំនាញ និងការមិនចេះអភិវឌ្ឍបុគ្គលិក គឺជាគ្រោះដ៏ធំបំផុត បន្ទាប់ពីការគ្រប់គ្រងថវិកានេះឯង។
ដើម្បីជោគជ័យក្នុងការរកទទួលទាន លោកឧកញ៉ា គួច ម៉េងលី ណែនាំថា ត្រូវទៅរៀនជំនាញយកចំណេះដឹង រៀនយកជំនាញ ហើយធ្វើការឱ្យគេ យកបទពិសោធ។ សហគ្រិនជោគជ័យ ភាគច្រើនគេមិនដែលបើកអាជីវកម្មដោយប្រថុយប្រថាននោះទេ គឺគេបើកដោយមានការសិក្សា មានជំនាញ វិជ្ជាជីវៈ បទពិសោធ ឆន្ទៈ មនសិការ និងគោលដៅច្បាស់លាស់ ព្រោះថាបើគេបើកទាំងប្រថុយប្រថាន គឺមិនខុសអីពីការយកលុយទៅគ្រវែងចោលឡើយ៕