សិស្សានុសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក របស់លោកឧកញ៉ា គួច ម៉េងលី សហការជាមួយសប្បុរសជន នៅសហរដ្ឋអាមេរិក តាមរយៈអង្កការមូលនិធិ ម៉េងលី ជេ. គួច បានឧបត្ថម្ភបង្គន់អនាម័យមួយខ្នងចំនួនពីរបន្ទប់ ព្រមទាំងរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធជុំវិញបង្គន់ និងសម្ភារមួយចំនួនទៀតដល់សាលាបឋមសិក្សាឈើទាល ស្ថិតនៅក្នុងភូមិឈើទាល ឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។
ថ្លែងក្រោយបញ្ចប់កម្មវិធីប្រគល់បង្គន់អនាម័យដល់សាលាបឋមសិក្សាឈើ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ យុវសិស្ស វុទ្ធិន សុកឫទ្ធី បានលើកឡើងថា ការផ្ដល់ជូននេះ ក្រោមហេតុផលយល់ច្បាស់ពីតម្រូវការខ្វះខាត និងចង់ចូលរួមឈឺឆ្អាលក្នុងការលើកកម្ពស់វិស័យអប់រំ និងអនាម័យ ជាពិសេសរួមគ្នាជាមួយនឹងក្រសួងអប់រំក្នុងលើកកម្ពស់សុខភាពកុមារ នៅតាមជនបទ។
យុវសិស្សម្នាក់នេះ បញ្ជាក់ថា កង្វះអនាម័យ និងទឹកស្អាត នៅជនបទបានបង្កផលអវិជ្ជមានជាច្រើន រាប់ចាប់ពីបញ្ហាសុខភាព ការអប់រំរបស់កុមារ អាចបង្កឱ្យមានជំងឺរាក ឬអាចបង្កជាអាសន្នរោគ និងជំងឺឆ្លងផ្សេងៗ ដែលធ្វើឱ្យកុមារមានសភាពស្លេកស្លាំង មិនមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀនសូត្រ។
ពាក់ព័ន្ធនឹងវិបត្តិកង្វះបង្គន់អនាម័យ នៅតាមជនបទ អ្នកស្រី លី ស្រីលីស គ្រូបង្រៀន នៅសាលាបឋមសិក្សាឈើទាល កត់សម្គាល់ថា តាមទម្លាប់ប្រជាជន កុមារជាសិស្សានុសិស្ស ភាគច្រើនត្រូវទៅបត់ដៃបត់ជើងតាមព្រៃ នៅផ្ទះភាគច្រើនគ្មានបង្គន់អនាម័យ។
នាយិកាចាងហ្វាងសាលារៀន អន្តរទ្វីប អាមេរិកាំង អ្នកស្រី សាឯម កម្រង មានប្រសាសន៍ថា ដោយមើលឃើញពីបញ្ហានេះ ទើបក្រុមសិស្សានុសិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង រួមសហការគ្នាឧបត្ថម្ភបង្គន់អនាម័យដល់សាលារៀននេះ។
អ្នកស្រីបន្តថា គម្រោងគាំពារសាលារៀនដែលមានការខ្វះខាត របស់សិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានចាប់ផ្ដើមដំណើរការ ដោយក្នុងមួយឆ្នាំសិក្សាត្រូវឧបត្ថម្ភដល់សាលារៀនខ្វះខាត នៅតាមជនបទ យ៉ាងហោចណាស់ឱ្យបានមួយករណី។
អ្នកស្រី សាឯម កម្រង រំពឹងថា ការឧបត្ថម្ភនេះ ទោះមិនសូវច្រើន តែជាទឹកចិត្តដ៏ជ្រះថ្លាក្នុងការរួមចំណែកលើកកម្ពស់កុមារ និងការអប់រំតាមជនបទ ដែលទាក់ទងនឹងកុមារ ដើម្បីទទួលបានឱកាសអប់រំដ៏ល្អ និងសម្រួលដល់ការរៀន និងបង្រៀនរបស់លោកគ្រូអ្នកគ្រូដែលត្រូវការជាចាំបាច់ ដើម្បីអភិវឌ្ឍន៍សង្គមជាតិជាមួយរាជរដ្ឋាភិបាលក្នុងការកសាងធនធានមនុស្ស។
ក្នុងឱកាសនោះដែរ ;អ្នកស្រី លី ស្រីលីស រួមទាំងគ្រូបង្រៀន និងសិស្សានុសិស្ស បានសាទរ និងថ្លែងអំណរគុណចំពោះសកម្មភាពដ៏សប្បុរសរបស់សិស្សានុសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង រួមទាំងសប្បុរសជននៅសហរដ្ឋអាមេរិក បានចំណាយថវិកាក្នុងការបរិច្ចាគសម្ភារសិក្សា បង្គន់អនាម័យសាលាបឋមសិក្សាឈើទាល គឺបានជួយសម្រួលដល់ទុក្ខលំបាកនៃការរៀនសូត្ររបស់សិស្សបានមួយផ្នែកធំ។
សូមបញ្ជាក់ថា ថវិកាដែលយកទៅទិញសម្ភារសិក្សា និងកសាងបង្គន់អនាម័យជូនដល់សាលាបឋមសិក្សាឈើទាលនាឱកាសនេះ មួយផ្នែកបានមកពីប្រាក់សិស្សានុសិស្ស ថ្នាក់ទី១២ សាលារៀន អន្តរទ្វីប អាមេរិកាំង និងមួយផ្នែកទៀតបានមកពីសប្បុរសជន នៅសហរដ្ឋអាមេរិក ដើម្បីបំពេញតម្រូវការ ខ្វះខាត ព្រមទាំងជួយលើកស្ទួយបរិស្ថានសាលាស្អាត សរុបថវិកាអស់៣,៤១៨ ដុល្លារអាមេរិក៕