
មជ្ឈមណ្ឌលភាសា អេ អាយ អាយ នាំយុវជនធ្វើសកម្មភាពសប្បុរសធម៌នៅសាលាបឋមសិក្សាគោកស្នួល ខេត្តសៀមរាប

ជាក់ស្តែងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប សហការជាមួយមូលនិធិម៉េងលី ជេ. គួច បានរៀបចំកម្មវិធីសម្បុរសធម៌ទៅកាន់សាលាបឋមសិក្សាគោកស្នួល ដែលស្ថិតនៅឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប កំពុងជួបប្រទះការខ្វះខាតសម្ភារប្រើប្រាស់ និងបរិក្ខាផ្សេងៗ នៅក្នុងបន្ទប់រៀននីមួយៗ។
ពាក់ព័ន្ធនឹងកម្មវិធីសប្បុរសធម៌ នៅថ្ងៃនេះ លោក សែម សំអាន ប្រធានគ្រប់គ្រងគម្រោងមូលនិធិ នៃមូលនិធិ ម៉េងលី ជេ. គួច បានឱ្យដឹងថា សម្រាប់ការឧបត្ថម្ភជូនដល់សាលាខាងលើរួមមាន ការជួយសាងសង់នូវអណ្តូងទឹកចំនួន១ ចែកជូនសម្ភារសិក្សាចំនួន២០០ កញ្ចប់ដល់សិស្សានុសិស្ស និងសម្ភារប្រើប្រាស់សម្លៀកបំពាក់មួយចំនួនធំ ចែកជូនដល់អាណាព្យាបាលសិស្សផងដែរ។
កញ្ញា គង់ លក្ខិណា នាយិកា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប បានលើកឡើងថា ការឧបត្ថម្ភអណ្តូងទឹកស្អាតនេះ ដោយសារតែមើលឃើញថា សាលាបឋមសិក្សាគោកស្នួលនេះ មានកង្វះខាតទឹកស្អាតប្រើប្រាស់ជាខ្លាំង ដែលធ្វើឱ្យសិស្សានុសិស្សត្រូវយកទឹកមកពីផ្ទះដើម្បីប្រើសម្រាប់លាងដៃ និងក្នុងបន្ទប់ទឹក មិនត្រឹមតែប៉ុណ្ណោះសម្ភារសិក្សារបស់គាត់ ក៏មានបញ្ហាប្រឈមផងដែរ។
យ៉ាងណាមិញ កញ្ញា បានបញ្ជាក់ថា សប្បុរសធម៌នេះ នឹងនាំមកនូវស្មារតីមនុស្សធម៌នៃការយកចិត្តទុកដាក់ និងសេចក្តីស្រឡាញ់ ដើម្បីធ្វើឱ្យពិភពលោកនេះក្លាយជាកន្លែងកាន់តែល្អប្រសើរសម្រាប់មនុស្សគ្រប់គ្នា។
នាយិកាគង់ លក្ខិណា បានបញ្ជាក់យ៉ាងដូច្ន៖ «នេះជាការដាស់ស្មារតីមនុស្សធម៌នៃក្តីបារម្ភ និងសេចក្តីស្រឡាញ់ ដើម្បីធ្វើឱ្យពិភពលោកក្លាយជាកន្លែងកាន់តែល្អប្រសើរសម្រាប់មនុស្សគ្រប់គ្នា ហើយព្រឹត្តិការណ៍សប្បុរសធម៌នេះ នឹងមិនអាចប្រព្រឹត្តទៅបានទេ បើគ្មានកិច្ចខិតខំប្រឹងប្រែងនិងសហការពីសិស្សានុសិស្ស មាតាបិតា លោកគ្រូ អ្នកគ្រូ និងបុគ្គលិក ដែលបានជួយក្នុងកម្មវិធីរៃអង្គាសថវិកានៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ។ »
សូមជម្រាបជូនថា ក្រៅពីសកម្មភាពចែកសម្ភារសិក្សា ដល់សិស្សានុសិស្ស និងការដាក់ឱ្យប្រើប្រាស់អណ្តូងទឹក គឺមានការចូលរួមសកម្មភាពផ្សេងទៀតដូចជា ការដាំដើមឈើ ការដើររើសសំរាម និងសម្អាតបរិស្ថានក្នុងបរិវេនសាលាទាំងមូល ជាពិសេសក៏មានការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការថែទាំសុខភាព និងអនាម័យខ្លួនប្រាណ ដោយលោកវេជ្ជបណ្ឌិត និន សុខរង្សី ប្រធានផ្នែកមជ្ឈមណ្ឌលសុខភាពសិស្ស និន សុខរង្សី ទៀតផង៕

អបអរសាទរទិវានារីអន្តរជាតិ
ក្រសួងការងារជូនដំណឹងអំពីថ្ងៃផុតកំណត់សម្រាប់ស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស
មជ្ឈមណ្ឌលភាសា អេ អាយ អាយ នាំយុវជនធ្វើសកម្មភាពសប្បុរសធម៌នៅសាលាបឋមសិក្សាគោកស្នួល ខេត្តសៀមរាប
