
កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ធ្វើសមយុទ្ធតាមអាកាស ដើម្បីឆ្លើយតបនឹងកូរ៉េខាងជើង

ប្រភពរូបភាព៖ Eagle News
ក្នុងសមយុទ្ធលើកដំបូងសម្រាប់ឆ្នាំ២០២៣ យន្តហោះចម្បាំងទាំងនោះ បានហោះហើរលើសមុទ្រលឿង ដែលស្ថិតនៅចន្លោះប្រទេសចិន និងឧបទ្វីបកូរ៉េ ខណៈវាគឺជាសមយុទ្ធពាក់ព័ន្ធនឹងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B, យន្តហោះចម្បាំងបំបាំងកាយ F-22 និង F-35B ក៏ដូចជាយន្តហោះចម្បាំង F-35A។
បើតាមសារព័ត៌មាន CNA ការបង្ហាញអំណាចយោធា បានកើតឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងសមភាគីកូរ៉េខាងត្បូង បានព្រមានអំពីការកើនឡើងនៃសមយុទ្ធ និងកិច្ចសហប្រតិបត្តិការសន្តិសុខបន្ថែមទៀតរវាងសម្ព័ន្ធមិត្តទាំងពីរ ខណៈពួកគេកំពុងប្រជែងជាមួយនឹងអ្វីដែលពួកគេហៅថា ជាការគំរាមកំហែងមីស៊ីល និងនុយក្លេអ៊ែរពីក្រុងព្យុងយ៉ាង។
ទីភ្នាក់ងារយ៉ុនហាប់ បានដកស្រង់សម្តីក្រសួងការពារជាតិយ៉ាងដូច្នេះ «សមយុទ្ធដែនអាកាសរួមគ្នាលើកនេះ បង្ហាញពីឆន្ទៈ និងសមត្ថភាពរបស់សហរដ្ឋអាមេរិក ក្នុងការផ្តល់នូវការទប់ស្កាត់ដ៏រឹងមាំ និងគួរឱ្យទុកចិត្តប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង»។
គួរជម្រាបថា ភាពតានតឹងផ្នែកយោធានៅលើឧបទ្វីបកូរ៉េ ត្រូវបានបង្កើនយ៉ាងខ្លាំងក្លាចាប់តាំងពីឆ្នាំ២០២២ នៅពេលដែលកូរ៉េខាងជើងបានបំបែកកំណត់ត្រាធ្វើតេស្តអាវុធក្នុងចំនួនដ៏ច្រើនមិនធ្លាប់មាន រួមទាំងការបាញ់មីស៊ីលផ្លោងអន្តរទ្វីបកម្រិតខ្ពស់បំផុតរបស់ខ្លួន៕

កូរ៉េខាងជើងកោះប្រជុំដើម្បីកែលម្អវិស័យកសិកម្ម ចំពេលព្រួយបារម្ភអំពីកង្វះស្បៀង
ជនចំណាកស្រុករាប់សិបនាក់ស្លាប់ក្នុងករណីលិចទូកនៅអ៊ីតាលី
ស្លាប់ និងបាត់ខ្លួនជាង៥០នាក់ក្នុងហេតុការណ៍បាក់អណ្តូងរ៉ែនៅចិន
