
ប្រធានាធិបតីតួកគី៖ ការបញ្ជូនរថក្រោះទៅក្រុងគៀវ មិនមែនជាការជួយដោះស្រាយជម្លោះអ៊ុយក្រែនទេ

ប្រភពរូបភាព៖ TASS
ប្រធានាធិបតីរូបនេះ បានលើកឡើងយ៉ាងដូច្នេះ «ខ្ញុំមិនអាចនិយាយបានថា ការបញ្ជូនរថក្រោះគឺជាជំហានឆ្ពោះទៅរកការដោះស្រាយ [ជម្លោះអ៊ុយក្រែន]។ ពួកយើងរំពឹងថា ប្រទេសលោកខាងលិចនឹងគាំទ្រការអំពាវនាវរបស់យើងសម្រាប់ការចរចាររវាងអ៊ុយក្រែននិងរុស្ស៊ី» ខណៈ «ជំហានដ៏ប្រថុយប្រថាននេះ ទទួលបានផលចំណេញសម្រាប់តែអ្នកផលិតអាវុធប៉ុណ្ណោះ»។
ទោះជាយ៉ាងណាក៏ដោយ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា ការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន អាចនឹងបង្កើតលក្ខខណ្ឌសម្រាប់ «ដំណោះស្រាយដោយសន្តិវិធី» នាពេលអនាគត។
កាលពីថ្ងៃតី២៥ ខែមករា ឆ្នាំ២០២៣ សហរដ្ឋអាមេរិកបានសន្យាបញ្ជូនរថក្រោះ M1 Abrams ចំនួន៣១គ្រឿងទៅកាន់ក្រុងគៀវ ហើយអាល្លឺម៉ង់នឹងផ្ទេររថក្រោះ Leopard 2A6 ចំនួន១៤គ្រឿង។ ចំណែកប្រទេសន័រវេស ស្លូវ៉ាគី ចក្រភពអង់គ្លេស ប៉ូឡូញ និងបារាំងក៏បានសន្យាផ្តល់រថក្រោះដែលផលិតដោយលោកខាងលិចដល់រដ្ឋធានីនេះដែរ ដោយខ្លួនសង្ឃឹមថា នឹងទទួលបានរថក្រោះរហូតដល់១៤០គ្រឿងពីប្រទេសចំនួន១២ នៅក្នុងកញ្ចប់ជំនួយទីមួយ។
ទាក់ទិននឹងការផ្គត់ផ្គង់សព្វាវុធមិនឈប់ឈរនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានព្រមានថា ភាពតានតឹងជុំវិញស្ថានការណ៍នៅអ៊ុយក្រែន កំពុងតែកើនឡើង ដោយសារតែការសម្រេចចិត្តរបស់ក្រុងវ៉ាស៊ីនតោន និងសម្ពាធរបស់សហរដ្ឋអាមេរិកទៅលើប្រទេសដទៃទៀត៕

កូរ៉េខាងជើងកោះប្រជុំដើម្បីកែលម្អវិស័យកសិកម្ម ចំពេលព្រួយបារម្ភអំពីកង្វះស្បៀង
ជនចំណាកស្រុករាប់សិបនាក់ស្លាប់ក្នុងករណីលិចទូកនៅអ៊ីតាលី
ស្លាប់ និងបាត់ខ្លួនជាង៥០នាក់ក្នុងហេតុការណ៍បាក់អណ្តូងរ៉ែនៅចិន
