
គ្រឹះស្ថានសិក្សា Aii & AIS សាខាស្ទឹងត្រែង គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខ

មជ្ឈមណ្ឌលភាសា អេ អាយ អាយ ជាគ្រឹះស្ថានសិក្សាបណ្ដុះបណ្ដាលភាសាបរទេសដោយផ្ដោតសំខាន់ទៅលើភាសាអង់គ្លេស ចិន និងភាសាថៃ ដែលជាបុត្រសម្ពន្ធជាមួយនឹងសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលផ្ដោតសំខាន់ទៅលើចំណេះទូទៅចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ បានបន្តពង្រីកសក្ដានុពលរបស់ខ្លួនមកដល់លើទឹកដីខេត្តស្ទឹងត្រែង។
បើតាមអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលគេស្គាល់ជាទូទៅថា ជាម្ចាស់គ្រឹះស្ថានសិក្សាខាងលើនេះ បានប្រាប់ The Intercon Rooster ពីភាពជោគជ័យ និងមូលហេតុដែលបានពង្រីកសាខានៅតាមបណ្ដាខេត្តជាបន្តបន្ទាប់ដូច្នេះថា ភាពរីកចម្រើនយ៉ាងឆាប់រហ័សនេះ គឺកើតឡើងដោយសារមានការគាំទ្រ និងតម្រូវការខ្ពស់ពីសិស្សានុសិស្ស និងអ្នកអាណាព្យាបាលសិស្សនៅគ្រប់ខេត្តរាជធានីទូទាំងប្រទេស។ លោកបន្តថា កន្លងមកនេះ ទោះស្ថិតនៅក្នុងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេស តែគ្រឹះស្ថានសិក្សារបស់លោកបានបន្តពង្រីកសាខាជាបន្តបន្ទាប់។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត បានបញ្ជាក់ថា កាលពីឆ្នាំ២០២១ កន្លងទៅលោកបានសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មីជាផ្លូវការនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ។ ក្នុងឆ្នាំ២០២១ ដដែលនេះ លោកបានបន្តសម្ពោធដាក់ឱ្យប្រើប្រាស់អគារក្រុមហ៊ុនថ្មី និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាម៉ៅសេទុង។ លើសពីនេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានបន្តឆ្ពោះទៅបុកគ្រឹះសាងសង់ផ្សារទំនើប ព្រមទាំងអគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ លើផ្ទៃដីជាង៣ហិកតា ទៀតផង។
ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃគ្រឹះស្ថានសិក្សាខាងលើដដែលបានអះអាងថា សម្រាប់ឆ្នាំ២០២២ លោកបានបន្តពង្រីកសាខាឆ្ពោះទៅតាមបណ្ដាខេត្តជាច្រើនផងដែរ ហើយគ្រោងសម្ពោធដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខ។ ក្នុងឆ្នាំដដែលនេះ អ្នកវិនិយោគលើវិស័យអប់រំ គួច ម៉េងលី បានប្រាប់ឱ្យដឹងថា មានដូចជាសាខាសៀមរាប តាកែវ ខេត្តកំពង់ចាម បន្ទាយមានជ័យ រតនគិរី ស្ទឹងត្រែង និងសាខាទួលសង្កែ។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបន្ថែមថា បន្ទាប់ពីបណ្ដាខេត្តខាងលើនេះ លោកមិនបញ្ឈប់បោះទុនវិនិយោគលើវិស័យអប់រំត្រឹមប៉ុណ្ណឹងឡើយ គឺបន្ដរកទីតាំងនៅតាមបណ្ដាខេត្តផ្សេងៗជាបន្តបន្ទាប់ទៀត និងកំពុងមានគម្រោងនៅក្នុងដៃមួយចំនួនទៀត ដើម្បីបន្តរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាលកម្ពុជា។
ម្ចាស់គ្រឹះស្ថានសិក្សាដែលផ្ដោតសំខាន់ទៅលើគុណភាព វិន័យ និងសេវាកម្ម ដដែលបានអះអាងថា «ការវិនិយោគទៅលើវិស័យអប់រំនេះ យើងធ្វើឡើងមិនមែនផលប្រយោជន៍ត្រឹមក្រុមហ៊ុននោះទេ ប៉ុន្ដែជាប្រយោជន៍រួមទាំងមូល ទាំងដៃគូសហការ ទាំងបុគ្គលិកបម្រើការងារ និងទាំងប្រទេសជាតិទាំងមូលផងដែរ។
ជាមួយគ្នានេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសណ្ឋាគារ អគារ ឬមានដីទំនេរ នៅតាមបណ្ដាខេត្តនានា អាចចូលរួមសហការជាមួយលោក ដើម្បីបោះទុនវិនិយោគលើវិស័យអប់រំដែលមានគុណភាពនៅទូទាំងប្រទេស។
ពាក់ព័ន្ធបញ្ហាការវិនិយោគលើវិស័យអប់រំនេះ បើតាមនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន ធ្លាប់បានជំរុញ និងលើកទឹកចិត្តដល់អ្នកវិនិយោគទាំងថ្នាក់ជាតិ និងអន្តរជាតិ ឱ្យបន្តវិនិយោគវិស័យអប់រំនៅកម្ពុជាប្រកបដោយគុណភាព ប្រសិទ្ធភាព ដើម្បីរួមចំណែកអភិវឌ្ឍវិស័យអប់រំ និងធនធានមនុស្សនៅកម្ពុជា។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ត្រូវបានគេមើលថាជាបុត្រសម្ពន្ធរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលបាននិងកំពុងទទួលបានការគាំទ្រ និងល្បីល្បាញទាំងថ្នាក់ជាតិ និងអន្តរជាតិ ព្រមទាំងកំពុងបោះទុនពង្រីកសាខាជាបន្តបន្ទាប់នៅទូទាំងប្រទេស៕

អ្នកឧកញ៉ា គួច ម៉េងលី បន្តបោះទុនវិនិយោគឡើងទីផ្សារភាគហ៊ុន ក្នុងឱកាសខួបគម្រប់១៨ឆ្នាំ របស់ក្រុមហ៊ុន MJQE និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ
មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប ប្រែក្លាយបណ្ណាល័យសហគមន៍ត្នោតជ្រុំឱ្យមានភាពស្រស់បំព្រងឡើងវិញ
មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប ដឹកនាំសិស្សទស្សនកិច្ចសិក្សា ក្រេបជញ្ជក់ចំណេះដឹងថ្មី
